ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានក្រើនរំលឹកដល់សិស្សមន្ត្រី និងសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ឱ្យយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល ទៅអនុវត្តជាក់ស្តែងនៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ដែលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមន្ត្រីរាជការជា «ទុន ឬ ទ្រព្យសកម្ម» ដ៏សំខាន់ ដែលត្រូវតែទទួលបានការវិនិយោគ និងបណ្តុះបណ្តាលជាប្រចាំ ទាំងលើចំណេះដឹង ជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យសិស្សមន្ត្រីទាំងអស់ ដែលជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា នៅពេលត្រឡប់ទៅបំពេញការងារវិញ ត្រូវយកចំណេះដឹងទៅជួយលើកកម្ពស់សមត្ថភាពស្ថាប័ន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការធ្វើឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់សាលាភូមិន្ទរដ្ឋបាល ដែលមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងតាមរយៈការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែជាសាលាដែលជួយបណ្តុះឧត្តមគតិ និងតម្រង់ផ្នត់គំនិតដល់មន្ត្រីរាជការ ឱ្យយល់ច្បាស់ពីតួនាទី និងការទទួលខុសត្រូវ។ ឯកឧត្តមបានបន្តថា ចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលទទួលបានពីសាលា គឺជាទ្រព្យដ៏មានតម្លៃដែលនឹងជួយឱ្យមន្ត្រីទទួលបានជោគជ័យក្នុងអាជីពការងារ ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងសមធម៌។
ជាទីបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា អ្នកដែលបានឆ្លងកាត់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល គឺជាមូលធនមនុស្សដ៏មានសក្តានុពល ដែលនឹងក្លាយជាអ្នកដឹកនាំល្អ មានមនសិការវិជ្ជមាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕




