សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសារលិខិតជូនពរផ្ញើជូន ឯកឧត្តម សូ ស៊ីនួន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុ។
យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖
«ឯកឧត្តមជាទីរាប់អានដ៏ជ្រាលជ្រៅ!
ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុរបស់ឯកឧត្តម នាថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវក្តីសោមនស្សប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងជូនពរជ័យចំពោះឯកឧត្តម សូមមានសិរីមង្គលមហាបវរបំផុត ព្រមទាំងសុខភាពល្អ បរិបូរកម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងជន្មាយុយឺនយូរ។
ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តម ដែលកន្លងមកតែងតែលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការងារឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិទាំងមូល។
នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕


