ព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦» តភ្ជាប់ទីផ្សារជូនកសិករ ពិសេសជំរុញសេដ្ឋកិច្ចមូលដ្ឋាន


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថាព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កសិករផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចដល់អាជីវករដទៃទៀត ជាពិសេសផ្នែកបដិសណ្ឋារកិច្ច។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីចំណុចពិសេស និងថ្មីប្លែកសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៦នេះ គឺរដ្ឋបាលខេត្តបានរៀបចំឱ្យមានការដាក់តាំងបង្ហាញ «រទេះរមក» ដែលជាអត្តសញ្ញាណដ៏លេចធ្លោមួយរបស់ខេត្តបាត់ដំបង។ រទេះរមកចំនួន ១៤ តំណាងឱ្យក្រុង-ស្រុកទាំង១៤ ត្រូវបានដេគ័រយ៉ាងស្អាត ដើម្បីដាក់តាំងបង្ហាញនូវផ្លែឈើ និងផលិតផលពិសេសៗប្រចាំតំបន់រៀងៗខ្លួន ដើម្បីទាក់ទាញភ្នែកភ្ញៀវទេសចរ។

គោលបំណងដំបូងបង្អស់នៃព្រឹត្តិការណ៍នេះ គឺការបង្ហាញ និងកំណត់អត្តសញ្ញាណ «ទុរេនសំឡូត» ដែលមានរសជាតិផ្អែមឆ្ងាញ់ពិសា និងកំពុងផ្តល់ចំណូលសេដ្ឋកិច្ចយ៉ាងខ្ពស់ដល់ប្រជាពលរដ្ឋ។ ក្រៅពីស្រុកសំឡូត ក៏មានបណ្តាស្រុកផ្សេងៗដូចជា ស្រុកកំរៀង ភ្នំព្រឹក និងរុក្ខគិរី ដែលអាចដាំដុះដំណាំទុរេននេះបានផងដែរ។

ក្រៅពីទុរេន ខេត្តបាត់ដំបងក៏មានការដាក់តាំងបង្ហាញនូវផ្លែឈើល្បីៗ និងមានរសជាតិឆ្ងាញ់ពិសាជាច្រើនមុខទៀត រួមមាន៖

*ក្រូចពោធិ៍សាត់ និង អូខ្យាយ

*ផ្លែល្មើ (ផ្អែមឆ្ងាញ់ ដែលបច្ចុប្បន្នដាំបានច្រើន)

*ក្រូចថ្លុង និង មៀនប៉ៃលិន (តាង៉ែន)

*ម្នាស់ទឹកឃ្មុំ (ប្រចាំស្រុករុក្ខគិរី និងស្រុកកោះក្រឡ)

*ដូងខ្ទិះ (ប្រចាំស្រុកសង្កែ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ)។

ឯកឧត្តម បានបន្តថា រដ្ឋបាលខេត្តមានទិសដៅរៀបចំពិព័រណ៍នេះឱ្យក្លាយជា «ព្រឹត្តិការណ៍ប្រចាំឆ្នាំ» ដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុងស្រុក ក៏ដូចជាភ្ញៀវបរទេស ចងចាំថា ឱ្យតែដល់រដូវកាលផ្លែឈើ (ចន្លោះខែមិថុនា និងខែកក្កដា) គឺត្រូវមកកម្សាន្ត និងភ្លក្សផ្លែឈើដ៏មានឱជារសនៅខេត្តបាត់ដំបង៕