អាស៊ាន និងឥណ្ឌាប្តេជ្ញាចិត្តរួម ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍


សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យនៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សន្និសីទ ដែលប្រារព្ធឡើងក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» បានប្រមូលផ្តុំប្រតិភូចំនួន ១៣៥ រូប ក្នុងនោះមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវចំនួន ៩០រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ STEM និងពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាដំណោះស្រាយដែលអាចអនុវត្តបានជាក់ស្តែង។

ថ្លែងក្នុងពិធីបិទសន្និសីទនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ការវិនិយោគលើស្ត្រីមានសារសំខាន់ណាស់សម្រាប់កសាងអនាគតដែលកាន់តែមានភាពធន់ និងនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា«ស្ត្រីគឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មានឥទ្ធិពលបំផុតសម្រាប់កូនៗ។ ដូច្នេះ ការផ្តល់ភាពអង់អាចដល់ស្ត្រីនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។ ហើយនៅពេលដែលសង្គមទទួលបានសក្តានុពលរបស់ស្ត្រីក្នុងវិស័យ STEM និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យើងមិនត្រឹមតែពង្រឹងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងតែឲផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈមធំៗដែលមនុស្សជាតិកំពុងជួបប្រទះ»

សន្និសីទរយៈពេល៣ថ្ងៃនេះមានវគ្គពិភាក្សាតាមប្រធានបទចំនួន ១០ និងវគ្គបង្ហាញគំនិតនវានុវត្តន៍ ដែលអ្នកវិទ្យាសាស្ត្រស្ត្រីចំនួន ៥៥រូប បានប្រកួតប្រជែងដោយបង្ហាញដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងវិស័យសន្តិសុខស្បៀង ថាមពលប្រកបដោយចីរភាព ការអប់រំប្រកបដោយសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។
អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន និងឥណ្ឌាទាំងនេះក៏បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវ និងភាពជាដៃគូរវាងស្ថាប័នផងដែរ។

លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរចំពោះការរៀបចំសន្និសីទថាឆ្លុះបញ្ចាំងពីការរីកចម្រើននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា«សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលបង្ហាញពីការពង្រីកទាំងវិសាលភាព និងជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។ យើងក៏ត្រៀមលក្ខណៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តលើការកសាងសមត្ថភាព នវានុវត្តន៍ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវផងដែរ»។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានលើកឡើងថាសន្និសីទនេះពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបានបន្ថែមថា «នេះមិនត្រឹមតែជាវេទិកាសម្រាប់កិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងអ្នកស្រាវជ្រាវ នវានុវត្តន៍ករ សហគ្រិន និងយុវជនរបស់យើង ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កំណើនប្រកបដោយបរិយាបន្ន ចីរភាព និងវិបុលភាពរួមសម្រាប់ទាំងអាស៊ាន និងឥណ្ឌា»

អង្គសន្និសីទនេះបានបិទបញ្ចប់ជាមួយការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ ពង្រឹងបណ្តាញវិជ្ជាជីវៈ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទូទាំងតំបន់៕