ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម សុខ លូ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅក្រុងស្ទឹងសែន


ខេត្តកំពង់ធំ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល​ខេត្ត កំពង់ធំ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​​​យោបល់​របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន។ វេទិកានេះផ្តោតសំខាន់លើប្រធានបទ៖ សេវា​សាធារណៈ​ ​ភូមិ-ឃុំមានសុវត្ថិភាព ការគ្រប់គ្រងសំណល់រឹងរាវ ក្នុងក្រុង   សណ្តាប់ធ្នាប់​សាធារណៈ​ទីប្រជុំជន​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ការបង់ពន្ធលើអចលនទ្រព្យ ។

ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍ថា វេទិកានេះបានលើកកម្ពស់ គណនេយ្យភាព តម្លាភាព ផ្តល់ជូនប្រជា​ពលរដ្​ឋដែល​បានចូលរួម ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នា ដោយលើកឡើង នូវ​សំណួរ​ សំណូមពរ ឬមតិយោបល់ផ្ទាល់ខ្លួន ដាក់ជូនមន្ត្រីជំនាញ ដើម្បីធ្វើការ​ឆ្លើយបំភ្លឺនូវ​រាល់​បញ្ហា​ដែល​បង​ប្អូន​ប្រជាពលរដ្ឋបានជួបប្រទះកន្លងមក។ ម្យ៉ាងវិញទៀតសូមឱ្យអាជ្ញាធរក្រុង- ស្រុកទាំងអស់ ត្រូវខិតខំ​បម្រើ​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរជាច្រើនរួចមក មន្ត្រីជំនាញតាមមន្ទីរ អង្គភាពពាក់ព័ន្ធ បានធ្វើការ​ឆ្លើយបំភ្លឺ នូវបញ្ហាមួយចំនួន និងផ្តល់នូវមតិយោបល់ ជូនដល់ម្ចាស់សំណួរ ក៏ដូចជាប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ បានកោតសរសើរដល់មន្ត្រីជំនាញ ដែលបានខិតខំបំពេញការងារនៅតាមមន្ទីរ អង្គភាព​ជំនាញ​កន្លង​មក ក្នុងនោះឯកឧត្តមអភិបាលខេត្តបានជំរុញដល់មន្ត្រីជំនាញ​ទាំងអស់​ត្រូវខិត​ខំធ្វើការងារ​ទៅ​តាម​តួនាទី​ និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ត្រូវលុបបំបាត់រាល់សកម្មភាព​សំណង់​ខុសច្បាប់ ដែលកន្លងមកតែងតែបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋមួយចំនួន​សាងសង់​សំណង់ដោយ​មិនបាន​សុំច្បាប់​ និង រំលោភយកដីសាធារណៈជាដើម។ ចំពោះការបញ្ហា ភូមិ-ឃុំមានសុវត្ថិភាព ការគ្រប់គ្រង​សំណល់​រឹង​រាវក្នុងក្រុង សណ្តាប់ធ្នាប់សាធារណៈទីប្រជុំជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ការបង់​ពន្ធ​លើអចលនទ្រព្យ គឺជាការទទួលខុសត្រូវ​ខ្ពស់របស់​អាជ្ញាធរក្រុង-ស្រុកគ្រប់លំដាប់ថ្នាក់ ត្រូវមានការសាម គ្គីភាព​ ឯកភាពផ្ទៃក្នុង ត្រូវមានវិធានការយ៉ាងហ្មត់ចត់ ជាពិសេសត្រូវដោះស្រាយរាល់បញ្ហា និងសំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល កើតមានឡើងនៅក្នុងមូលដ្ឋាន ដោយមិនចាំបាច់មានការសំណូមពរ​ពីប្រជាពលរដ្ឋ​ឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ម្យ៉ាងវិញទៀតខេត្តកំពង់ធំ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនារមណីយដ្ឋាននានា ជាពិសេស រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានការ​កើន​ឡើង។ ទន្ទឹមនោះ​ដែរសម្រាប់​ក្រុងស្ទឹងសែន អាជ្ញាធរខេត្តកំពុងតែគិតគូរពីសោភ័ណភាពក្រុង នឹងធ្វើការកែ​លម្អផ្ទះ​នៅ​តាម​ដង​ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ត្រូវលាបពណ៌ឱ្យមានលក្ខណៈដូចគ្នា ពង្រីកសួនច្បារ​កុមារ និងកន្លែង​ផ្សេងៗ​ទៀត ឱ្យមានទីធ្លាធំទូលាយ ដើម្បីឱ្យមានផាសុខភាពល្អ ជាពិសេសមាន​​ភាពងាយ​ស្រួល​ដល់​បងប្អូន​ដែលមកហាត់ប្រាណនៅតាមទីសាធារណៈ និងជាកន្លែង​សម្រាប់​ដើរកម្សាន្ត​លម្ហែកាយ​ផងដែរ៕