ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ -ឯកឧត្ដម Cao Jianming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា ប្រទេសចិនគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន។
ឯកឧត្ដម កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Cao Jianming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្ដម Cao Jianming បានជម្រាបជូនសម្តេចតេជោថា កាលពី១០ឆ្នាំមុន ឯកឧត្ដមក៏ធ្លាប់បានមកប្រទេសកម្ពុជាម្តងហើយ ហើយទស្សនកិច្ចនៅពេលនេះដើម្បីមកពិនិត្យមើលលើ អ្វីដែលភាគីអយ្យការអមតុលាការកំពូលនៃប្រទេសទាំងពីរ កម្ពុជា និងចិន មានកិច្ចសហការជាមួយគ្នា ជាពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀននិង ជួញដូរមនុស្សជាដើម។ ឯកឧត្ដមមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង និងមានកិច្ចសហប្រតិបត្តិការជាច្រើន រវាងប្រទេស ទាំងពីរ ចិន-កម្ពុជា ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ ឯកឧត្ដម Cao Jianming បានអរគុណសម្តេចតេជោ ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សានៅថ្ងៃនេះ ក៏ដូចជាចំណាយពេលវេលាអញ្ជើញទៅចូលរួមកិច្ចពិគ្រោះយោបល់គណបក្សនយោបាយពិភពលោកនៅប៉េកាំង នៅទីក្រុងប៉េកាំងនាពេលខាងមុខ ។
ទន្ទឹមនេះឯកឧត្ដមក៏បានបង្ហាញពីការគាំទ្រ ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជា ពិសេសការរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម។ ឯកឧត្ដមបានបញ្ជាក់ទៀត ថា ទំនាក់ទំនងរវាងប្រទសទាំងពីរ គឺមិនបានកាត់ថ្លៃបាន ដោយបានចាត់ទុកថា ប្រទេស កម្ពុជា និង ប្រទេសចិន ប្រៀបដូចជាបងប្អូន គ្រួសារតែមួយ។ក្រៅពីគាំទ្រចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបញ្ជាក់ថា ចិនគាំទ្រនូវផ្លូវដ៏សមស្របដែលកម្ពុជាកំពុង ដើរនេះ ជាពិសេសគាំទ្រកម្ពុជាគឺធ្វើម៉េចឱ្យកម្ពុជានៅតែរក្សាបាននូវអធិបតេយ្យភាព ឯករាជ្យ ភាព វិបុលភាព និងការអភិវឌ្ឍ។
ជាងនេះទៀតឯកឧត្ដមក៏បានមើលឃើញការសាងសង់សំណង់ជាច្រើន ដែលកើតមាននៅទីក្រុងភ្នំពេញ ហើយសង្ឃឹមថា កិច្ចសហការខាងវិស័យអយ្យការនេះ នឹងចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងផ្នែកសន្តិសុខសង្គម និងយុត្តិធម៌សម្រាប់ប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដម Cao Jianming ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានទំនាក់ទំនងល្អតាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ គឺតាំងពីប្រទេសចិនមិនទាន់ក្លាយជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកម៉្លេះ ហើយប្រទេសទាំងពីរនឹងបន្តរក្សាទំនាក់ទំនងល្អជាមួយគ្នាជារៀងរហូត។ជាងនេះដែរ សម្តេចតេជោបានបញ្ជាក់ពីការគាំទ្រជានិច្ចឥតងាករេរបស់កម្ពុជា ក្នុងការគោលនយោបាយចិនតែមួយ និង ពីភាពរីកចម្រើនរបស់កម្ពុជា ខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយសម្តេចក៏បានជម្រាបជូនប្រតិភូថា នៅសប្តាហ៍ក្រោយនេះ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ច ពិគ្រោះយោបល់គណបក្សនយោបាយពិភពលោកនៅប៉េកាំង ប្រទេសចិន ហើយក្នុងនោះក៏មានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ៕