ប្រទេសចិនគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ


ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ​ឆ្នាំ២០១៧ -ឯកឧត្ដម Cao Jianming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជន​កំពូល​​ នៃសាធា​រណ​​រដ្ឋ​ប្រ​ជាមានិតចិន មានប្រសាសន៍ថា ប្រទេសចិនគាំទ្ររាល់ចំណាត់​ការ​របស់​រាជរដ្ឋា​ភិបាល​កម្ពុ​ជា​ ក្នុងការ​រក្សា​សន្តិភាព​ និងស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យ​មានការ​​រី​ក​​ចម្រើន។

ឯកឧត្ដម កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់​អ្នកយក​ព័ត៌​មានបន្ទាប់ពីសម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Cao Jianming ​អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជន​កំ​ពូ​ល​ នៃសាធា​រណ​រដ្ឋ​ប្រ​ជាមានិតចិន ចូលជួបសម្ដែង​ការ​គួរ​សម នារសៀល​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិមានសន្តិភាព ក្នុងខណៈ​ដែល​ឯក​ឧត្ដម​​ដឹក​នាំគណៈ​ប្រតិភូមក​បំពេញ​ទស្សន​​កិច្ច​នៅ​កម្ពុជា។

ឯកឧត្ដម Cao Jianming បានជម្រាបជូនសម្តេចតេជោថា កាលពី១០ឆ្នាំមុន ឯកឧត្ដ​ម​ក៏​ធ្លាប់​បាន​​មកប្រទេស​កម្ពុជា​ម្តងហើយ​ ហើយទស្សនកិច្ចនៅពេលនេះដើម្បីមកពិនិត្យ​មើ​ល​លើ អ្វី​ដែលភាគីអយ្យការអមតុលា​ការ​កំពូល​នៃប្រទេស​ទាំងពីរ​ កម្ពុជា និងចិន មានកិច្ច​សហ​​កា​រ​ជាមួយ​គ្នា ជាពិសេសលើការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ការជួញ​ដូរគ្រឿង​​ញៀ​ន​​និ​ង ជួញដូរមនុស្សជាដើម។ ឯកឧត្ដមមានប្រសាសន៍ថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុ​ង​ក្រោ​យនេះ​ ប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង និងមានកិច្ចសហ​ប្រតិបត្តិ​ការ​ជាច្រើន រវា​ង​​ប្រ​ទេស ទាំងពីរ ចិន-​កម្ពុជា​ ជាពិសេសការផ្លាស់ប្តូរទស្សន​កិច្ច​រវាង​ថ្នាក់​ដឹកនាំ នៃប្រទេស​ទាំង​ពីរ​។ ឯកឧត្ដម Cao Jianming បាន​អរគុណ​សម្តេច​តេជោ ដែលបានចំណាយ​ពេល​វេលា​ទទួល​ជួប​ពិភាក្សានៅថ្ងៃនេះ ក៏ដូច​ជាចំណាយ​ពេលវេលា​អញ្ជើញ​ទៅ​ចូលរួម​កិច្ចពិគ្រោះ​យោបល់​គណ​បក្សនយោបាយ​ពិភពលោក​នៅប៉េកាំង នៅទីក្រុង​ប៉េកាំង​នាពេល​ខាងមុខ ។​

ទន្ទឹមនេះ​ឯកឧត្ដមក៏បានបង្ហាញពីការគាំទ្រ ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជា ពិសេសការរក្សាបាន​នូវ​សន្តិភាព​ ស្ថិរភាព​ សណ្តាប់ធ្នាប់សង្គម។ ឯកឧត្ដមបានបញ្ជាក់ទៀត ថា ​ទំនាក់​ទំនងរ​វា​ងប្រទសទាំងពីរ គឺមិន​បាន​កាត់ថ្លៃ​បាន ដោយបានចាត់ទុកថា ប្រទេស កម្ពុជា និង ប្រទេស​ចិន ប្រៀបដូចជាបងប្អូន គ្រួសារតែមួយ។ក្រៅពីគាំទ្រ​ចំពោះចំណាត់ការ របស់រាជ​រដ្ឋាភិបាល​កម្ពុ​​ជា ឯកឧត្ដមបញ្ជាក់ថា ចិនគាំទ្រនូវផ្លូវដ៏សមស្រប​ដែល​កម្ពុជា​កំពុង​ ដើរនេះ ជាពិសេស​គាំទ្រ​កម្ពុជាគឺធ្វើម៉េចឱ្យកម្ពុជានៅតែរក្សាបាននូវអធិបតេយ្យភាព ឯករាជ្យ ភាព វិបុល​ភាព និង​ការ​​អភិវឌ្ឍ។

ជាងនេះទៀតឯកឧត្ដមក៏បានមើលឃើញការសាងសង់សំណង់ជាច្រើន ដែល​កើត​មាននៅទីក្រុងភ្នំពេញ ហើយ​សង្ឃឹម​ថា កិច្ច​សហការខាងវិស័យអយ្យការនេះ នឹងចូលរួម ចំណែកយ៉ាងសំខាន់​ក្នុងការពង្រឹងផ្នែក​សន្តិ​សុខ​សង្គម​ និងយុត្តិធម៌សម្រាប់ប្រជាជន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដម Cao Jianming ថា ទំនាក់ទំនង​រវា​ង​ប្រទេសទាំងពីរ កម្ពុជា-​ចិន​ មានទំនាក់ទំនងល្អតាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ គឺ​តាំងពីប្រទេសចិនមិនទាន់ក្លាយ​ជាសមាជិក​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សាសន្តិសុខអង្គការ​សហប្រ​ជា​​ជាតិមកម៉្លេះ ហើយប្រទេសទាំងពីរ​នឹងបន្ត​រក្សា​ទំនាក់​ទំនង​ល្អជា​មួយគ្នា​ជារៀងរហូត។ជាង​នេះ​​​ដែរ សម្តេចតេជោបានបញ្ជាក់ពីការគាំទ្រ​ជានិច្ច​ឥតងាក​រេរបស់កម្ពុជា ក្នុង​ការ​គោល​នយោ​បា​យ​​​ចិនតែមួយ និង ពីភាពរីកចម្រើនរបស់កម្ពុជា ខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយ​សម្តេច​ក៏បាន​ជម្រាប​ជូនប្រតិភូថា នៅសប្តាហ៍ក្រោយនេះ សម្តេចនឹងអញ្ជើញទៅចូលរួម​កិច្ច  ពិ​គ្រោះ​​យោបល់​គណបក្ស​នយោបាយ​ពិភពលោកនៅប៉េកាំង ប្រទេសចិន ហើយក្នុងនោះ​ក៏​មាន​​ជំនួបទ្វេភាគី ជាមួយថ្នាក់​ដឹកនាំជាន់​ខ្ពស់​ផង​ដែរ៕