ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិ៍ន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញឲ្យក្រុមការងារពាក់ព័ន្ធ បន្តរួមគ្នាចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម។
ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រព្រឹត្តទៅ នៃអង្គប្រជុំជាវេទិកាដែលបានអនុញ្ញាតឲ្យសមាជិក សមាជិកា បានស្តាប់ និងចូលរួមនូវការលើកឡើងពីសមិទ្ធផល បញ្ហាប្រឈម ចំណុចខ្វះខាត ដែលបានអនុវត្ត និងជួបប្រទះ នៅតាមមូដ្ឋាននីមួយៗ។
ឯកឧត្តម អ៊ុន ចាន់ដា បានគូបញ្ជាក់ថា អ្វីដែលយើងទទួលបាននៅក្នុងកិច្ចប្រជុំនេះ នឹងជួយយើងបន្ថែមទៀត ក្នុងការដឹកនាំ អនុវត្ត និងរៀបចំផែនការអនុវត្ត ក៏ដូចជាផែនការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផង ឆ្លើយតបនឹងកម្មវិធី គោលនយោបាយជាតិផង និងពិសេសឆ្លើយតបទៅនឹងសំណើ សំណូមពរ សេចក្តីត្រូវការ ក្ដីកង្វល់ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅនឹងមូលដ្ឋានផ្ទាល់ផងដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបានធ្វើឲ្យប្រទេសកម្ពុជា រងគ្រោះដោយសារឧក្រិដ្ឋជនប្រើប្រាស់ ជាទីតាំងសម្រាប់ប្រព្រឹត្ត អំពើឆបោកតាមបច្ចេកវិទ្យា ឧក្រិដ្ឋកម្មនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា ទាំងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ ទាំងវិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ច ព្រមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិថែមទៀត។
ទន្ទឹមនឹងការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការបង្ក្រាប ការបោសសម្អាត Online Scams នៅតែបន្តយ៉ាងក្ដៅគគុក យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាមទូរស័ព្ទ និងបណ្តាញសង្គម ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន។ សូមឲ្យមានការផ្សព្វផ្សាយទូលំទូលាយ គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» អនុក្រឹត្យលេខ ០៣របស់រាជរដ្ឋាភិបាល និងច្បាប់នានា តាមវេទិកាសាធារណៈ និងការចុះជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងត្រូវបន្តនិរន្តភាព សម្រាប់យុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scams ជាពិសេស ត្រូវបន្តទប់ស្កាត់លំហូរឧក្រិដ្ឋជនពីខាងក្រៅ ដែលមានបំណងសម្ងំលាក់ខ្លួន ដើម្បីបង្កើតសកម្មភាព Online Scams៕









