នារសៀលថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ វគ្គទី១” ជូនសមាជិក សមាជិកា និងយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមជាអនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាម សរុបចំនួន ៣២៦រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាន វិសាល ប្រធានលេខាធិការដ្ឋានគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍លទ្ធផលវគ្គបណ្ដុះបណ្ដាល ដោយបានបញ្ជាក់ជូនថា វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ដោយមានសិក្ខាកាមដែលជាសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងសរុបចំនួន ២៧៧រូប។ វគ្គបណ្ដុះបណ្ដាលផ្តោតលើប្រធានបទសំខាន់ៗចំនួន ០៤ រួមមាន៖ (១)សភាពការណ៍ជាតិ និងអន្តរជាតិ, (២)គុណតម្លៃនៃសន្តិភាព, (៣)ភារកិច្ចចំពោះមុខរបស់យុវជនគណបក្សប្រជាជនកម្ពុជា, និង(៤)កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ២០២៣-២០២៨ ។ តាមរយៈបទឧទ្ទេសនាមលើប្រធានបទដ៏មានសារៈសំខាន់ខាងលើនេះ សិក្ខាកាមគ្រប់រូបពិតជាបានបង្កើនចំណេះដឹងយ៉ាងល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ដែលជាពុទ្ធិដ៏ចាំបាច់សម្រាប់ជាប្រយោជន៍ក្នុងការបន្តបំពេញការងារជូនគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ដែលជាគ្រូឧទ្ទេស ក្នុងការចំណាយពេលវេលាដ៏មានតម្លៃរៀបចំបទបង្ហាញ និងធ្វើបទឧទ្ទេសនាម ចែករំលែកចំណេះដឹង បទពិសោធន៍ និងពុទ្ធិល្អៗពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងបន្ថែមនូវសមត្ថភាព និងការជឿជាក់កាន់តែច្បាស់ជូនចំពោះសមាជិក សមាជិកា និងយុវជនគណបក្សក្រសួង។ ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណជូនចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាចូលរៀនវគ្គអប់រំនយោបាយនេះដោយជោគជ័យ ដែលជាកាយវិការបង្ហាញអំពីការយកចិត្តទុកដាក់ចូលរួមក្នុងការលើកកម្ពស់ និងបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែមអំពីគណបក្ស។ ឯកឧត្តម បានមានប្រសាសន៍ថា វគ្គអប់រំនយោបាយកម្រិត II នេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរៀបចំពង្រឹងស្មារតីនិងសតិអារម្មណ៍ និងការតម្រង់ទិសវិជ្ជាជីវៈនយោបាយយ៉ាងពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសភាពការណ៍ថ្មីៗ ទាំងក្នុងតំបន់ និងសកលលោក សំដៅធានាឱ្យបាននូវការយល់ដឹងស៊ីជម្រៅលើកម្មវិធីនយោបាយរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជន។ ក្នុងឱកាសនេះ ឯកឧត្តម បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់យកបទឧទ្ទេសនាមនៃវគ្គអប់រំនយោបាយនេះទៅសិក្សាបន្ថែម និងបន្តការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនចំណេះដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសការរៀនសូត្រពីគំរូល្អនៃថ្នាក់ដឹកនាំជំនាន់មុន និងការបន្តអនុវត្តពង្រឹងមូលដ្ឋានឱ្យចេញជាលទ្ធផលជាក់ស្តែង ស្របតាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស ព្រមទាំងអនុវត្តឱ្យបានសម្រេចជោគជ័យនូវគោលការណ៍ “សមាជិកគណបក្សមួយរូប ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក’’ ។ លើសពីនេះទៀត ឯកឧត្តម បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយនេះ ទៅចូលរួមអនុវត្ត ដោយជួយបន្តផ្សព្វផ្សាយនូវស្នាដៃ និងសមិទ្ធផលគណបក្សជូនដល់ក្រុមគ្រួសារ ពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រុមបក្ស និងគ្រួសារបក្ស និងត្រូវបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំជានិច្ចគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍តាមទិសស្លោក “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ដើម្បីថែរក្សា និងពង្រីកប្រៀបឈ្នះរបស់គណបក្ស។
ជាកិច្ចបញ្ចប់ ឯកឧត្តម បានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕


