ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ជូលសមាជិកនៃគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ២២១នាក់ នៅឃុំទំនប់ធំ ស្រុកស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត អនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល ចំពោះបងប្អូនសមាជិក សមាជិកាគណបក្សថ្មីទាំងអស់។
ឯកឧត្តមបណ្ឌិត បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារ ដែលបានរៀបចំផែនការសម្រាប់យុវជនគណបក្សប្រកបដោយរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចច្បាស់លាស់ ធ្វើឱ្យសមាជិកគណបក្សចូលរួមយ៉ាងសកម្ម បង្ហាញពីភាពខ្លាំងរបស់យុវជន និងធ្វើឱ្យគណបក្សដទៃទៀតមិនអាចអូសទាញ ឬបំផុសបំបាក់ស្មារតីបានឡើយ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានជំរុញលើកទឹកចិត្តឱ្យសមាជិកដែលចូលថ្មីទាំង ២២១ នាក់ នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាលដែលបានរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះត្រូវតែជាសមាជិកដែលមានគុណភាព ពោលគឺ សមាជិកម្នាក់ផ្តល់សំឡេងជូនគណបក្សប្រជាជនមួយសំឡេង, បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសមាជិកគណបក្សទាំងអស់ ត្រូវគិតគូរអនុវត្តការងារមួយចំនួន រួមមាន៖ ការការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ការបន្តចុះមូលដ្ឋានក្តាប់សភាពការណ៍ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ការផ្សព្វផ្សាយពីឧបាយកលក្រុមប្រឆាំង ការពង្រឹងសមត្ថភាព និងការអប់រំយុវជន កុមារ ព្រមទាំងការពង្រឹងផ្ទៃក្នុង និងការគាំទ្របក្ស ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ក៏បាននាំយកថវិការបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសមាជិកគណបក្សដែលបានចូលរួមផងដែរ៕


