(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រឹះស្ថានអប់រំ គឺជាកូនសោរ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ ប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានឲ្យដឹងទៀតថា ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីដា បានបង្ហាញពីការប្ដេជ្ញាចិត្ដខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាល ដែលប្រកបដោយគុណភាពខ្ពស់ ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស ឲ្យមានសមត្ថភាព និងមានសក្តានុពលសម្រាប់ជាសសរស្ដម្ភរបស់សង្គមជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ដថា សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា មិនមែនត្រឹមតែ ជាកន្លែងផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះស្ថាន ឧត្តមសិក្សាសំខាន់ សម្រាប់បណ្ដុះបណ្ដាល និងបង្កើតអ្នកដឹកនាំ អ្នកច្នៃប្រឌិត និងអ្នកជំនាញ ដែលមានសមត្ថភាព និងមានការប្រកួតប្រជែង នៅក្នុងទីផ្សារការងារ កម្រិតតំបន់ និងអន្តរជាតិ ក្នុងយុគសម័យថ្មី ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏សូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួបគម្រប់១០ឆ្នាំ របស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ហើយសូមជូនពរ សូមឲ្យសាកលវិទ្យាល័យ បន្តទទួលបានជោគជ័យថ្មីៗថែមទៀត និងបន្តដើរតួនាទីដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕

