នារសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែខុទ្ទកាល័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តល់ទិសដៅការងារសម្រាប់ពេលខាងមុខ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត បានជំរុញមន្ត្រីគ្រប់រូបលើកកម្ពស់ស្មារតីធ្វើការជាក្រុម ការផ្តួចផ្តើមគំនិត និងការសិក្សាស្រាវជ្រាវ ដោយផ្តោតលើវិស័យរបស់ជាតិ រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដើម្បីបង្កើនគុណភាពការងារ និងរួមចំណែកផ្តល់ធាតុចូលដល់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍប្រទេស។
ការណែនាំនេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំ និងអនុវត្តគោលនយោបាយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីជៀសផុតពីអន្ទាក់ប្រទេសមានចំណូលមធ្យម និងសម្រេចបានគោលដៅអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក ដោយគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ហើយបានជំរុញក្រុមការងារឱ្យបន្តសិក្សាស្រាវជ្រាវ និងរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងវិស័យនេះ ដើម្បីលើកកម្ពស់ស្ថិរភាព និងភាពធន់នៃវិស័យហិរញ្ញវត្ថុ។
ក្នុងឱកាសនោះ កិច្ចប្រជុំក៏បានពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំសិក្ខាសាលាស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជាង ២៧០នាក់ ដើម្បីរួមគ្នាពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០។




