ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង


(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះ មហន្តរាយជាមួយអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់ដំណាំស្រូវ និងវិធានការចំពោះមុខក្នុងការត្រៀមបង្ការ និងសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័ន រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងតំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងចុះជួយអន្តរាគមន៍ពីផលប៉ះពាល់ដំណាំស្រូវជូនប្រជាកសិករ តាមបណ្តាខេត្តដែលកង្វះទឹកស្រោចស្រព។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងជំនាញបានចុះអន្តរាគមន៍គ្រប់មធ្យោបាយ ដើម្បីបញ្ជូនទឹកពីប្រព័ន្ធធារាស្រ្តដែលអំណោយផលទៅស្រោចស្រពដល់ដំណាំស្រូវ ដែលមានទាំងការបង្ហៀរតាមសំណង់ស្ទាក់ទឹក និងប្រឡាយ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនបូមទឹកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាឱ្យធ្វើការអន្តរាគមន៍ជាចាំបាច់ ចំពោះកង្វះទឹកស្រោចស្រពដំណាំស្រូវដែលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានលើកឡើងដល់ក្រសួង-ស្ថាប័ន សហការពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ និងការខូចខាតជាក់ស្តែង ដើម្បីលើកសំណើទៅគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងការឆ្លើយតបទៅលើការផ្តល់ពូជស្រូវសម្រាប់ដំណាំស្រូវប្រជាកសិករណាដែលខូចខាតទាំងស្រុង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា រាប់តាំងពីក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន រហូតបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តចាត់ទុកកិច្ចការអាទិភាពចំពោះបញ្ហាទឹកជាកិច្ចការសំខាន់ ក្នុងការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីជួយដល់វិស័យកសិកម្ម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្ថែមថា ក្រសួង-ស្ថាប័ន ដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានតួនាទី ក្នុងការចូលរួមអនុវត្តទាំងបច្ចេកទេស និងផែនការសកម្មភាពទាំងឡាយណាដែលឆ្លើយតបនឹងគ្រោះ មហន្តរាយទៅតាមវិស័យរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យបានជាអតិបរមា។

សូមជម្រាបថា យោងតាមរបាយការណ៍មានខេត្តចំនួន៨ បានប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងនោះ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន ខណៈខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ មានដំណាំស្រូវប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕

 

Inside ads banner
Inside ads banner
Inside ads banner