កម្ពុជាមានគោលនយោបាយការបរទេស ដែលមានភាពស៊ីចង្វាក់គ្នា និងមានសង្គតិភាព រវាងការទូតបក្ស ការទូតរដ្ឋាភិបាល និងការទូតសភា ដើម្បីបង្កើននូវប្រសិទ្ធភាព និងភាពបត់បែនខ្ពស់ ស្របទៅតាមការប្រែប្រួលយ៉ាងលឿន នៃភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចតំបន់ និងសកល។ បច្ចុប្បន្នការទូតសភាកំពុងដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការជំរុញវប្បធម៌សន្ទនា និងការកសាងទំនុកចិត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការដោយយកប្រជាជនជាស្នូល។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម សម្តេច ប្រធានរដ្ឋសភា បានរំលេចថា កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដោះ ស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិ។
តបតាមការលើកឡើងខាងលើ ភាគីប្រទេសវៀតណាម បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ បន្តតាមដាននិងរួមចំណែក ក្នុងការថែរក្សាស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ ហើយសង្ឃឹមថា កម្ពុជានិងថៃអាចរកដំណោះស្រាយដោយសន្តិវិធី។
ប្រភពដដែល បានបន្តថា ក្នុងនាមជាប្រទេសជិតខាងល្អ និងសមាជិកគ្រួសារអាស៊ាន វៀតណាមមិនចង់ឃើញជម្លោះរវាងសមាជិក អាស៊ាន ឬបញ្ហាណាមួយ ដែលគម្រាមកំហែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់នោទេ៕

