(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយសទ្ធាជ្រះថ្លា។
វត្តទាំង៤ ដែលបានទទួលទេយ្យទានពីថ្នាក់ដឹកនាំខេត្ត រួមមាន៖ វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនះដីដុះ និងវត្តសុទស្សនារាមជ្រោយថ្ម។ ទេយ្យទានដែលបានប្រគេនដល់វត្តនីមួយៗ រួមមាន ទៀនវស្សាក្បាច់ចំនួន ០១គូ អង្ករចំនួន ១០០គីឡូក្រាម ទឹកសុទ្ធចំនួន ៥០កេស ភេសជ្ជៈកំប៉ុងចំនួន ១០កេស ត្រីខចំនួន ០១កេសធំ ទឹកត្រីចំនួន ៥យួរ ទឹកស៊ីអីវចំនួន ៥យួរ មីចំនួន ៥កេសតូច ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម និងបច្ច័យមួយចំនួន។
ក្រៅពីនេះ ព្រះសង្ឃចំនួន ៧អង្គ ក្នុងមួយអង្គៗក៏បានទទួលទេយ្យវត្ថុមួយឈុត និងបច្ច័យ ២០០ ០០០រៀល ព្រមទាំងចង្ហាន់មួយស្រាក់ និងផ្លែឈើមួយកន្ត្រក់ផងដែរ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានសិក្សាព្រះធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
ការចូលរួមរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការឧបត្ថម្ភគាំទ្រដល់ព្រះពុទ្ធសាសនា ក្នុងឱកាសបុណ្យចូលព្រះវស្សានេះ គឺដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គមជាតិ។ សកម្មភាពនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ចំពោះវិស័យសាសនា និងការចូលរួមចំណែកក្នុងការថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕










