ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ដើម្បីរក្សាតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ផលិតផលនិងសេវាហិរញ្ញវត្ថុត្រូវបានពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព និង រួមចំណែកបង្កើនជំនឿទុកចិត្តរបស់សាធារណជន ធនាគារជាតិនៃកម្ពុជាបាន បង្កើតមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលជាមជ្ឈមណ្ឌលឯករាជ្យ សម្រាប់សម្របសម្រួលដោះស្រាយបណ្តឹងអតិថិជន របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈការពន្យល់ ការឆ្លើយតប និងការផ្តល់ព័ត៌មានដល់សាធារណជន។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២៦របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី២៧កក្កដាឆ្នាំ២០២៦បានឲ្យដឹងថា បានទទួលបណ្ដឹង និងការសាកសួរតាមរយៈប្រព័ន្ធហតឡាញមានចំនួន សរុប ៨៤០ ករណី ។
មន្ត្រីទទួលដោះស្រាយ បណ្ដឹងបានសម្របសម្រួល និងបញ្ចប់បណ្ដឹងជូនអតិថិជនជាស្ថាពរ ៨២៦ ករណី (ក្នុងនោះ ១៨ ករណី ស្ថិតក្នុងនីតិវិធីតុលាការ) និង ១៤ ករណី កំពុងត្រូវបានដោះស្រាយ។
បណ្ដឹងនិងការសាកសួរទាំងនោះ ពាក់ព័ន្ធនឹង ការស្នើសុំបង់ផ្តាច់មុនកាលកំណត់ ការស្នើសុំអនុគ្រោះលើលក្ខខណ្ឌទូទាត់ របស់យោធិននិងជនភៀសសឹក បញ្ហាក្នុងការដកសាច់ប្រាក់ពីគណនី ឬម៉ាស៊ីន ATM ការដក ប្រាក់បញ្ញើពីគ្រឹះស្ថានដែលបានជម្រះបញ្ជីនិងដកហូតអាជ្ញាប័ណ្ណ ការស្នើសុំរៀបចំឥណទាន ឡើងវិញ តម្លាភាពក្នុងការផ្តល់សេវាឥណទានរបស់គ្រឹះស្ថាន ការឆបោកផ្នែកហិរញ្ញវត្ថុ កម្ចីខុសច្បាប់ និង ការស្នើសុំគ្រប់គ្រងគណនីរបស់អ្នកស្លាប់។
ទន្ទឹមនេះធនាគារជាតិនៃកម្ពុជាបានធ្វើកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ការសកម្មភាពហិរញ្ញវត្ថុខុសច្បាប់រួមមាន ការជួញដូរកាសអេឡិចត្រូនិក USDT និងការផ្តល់កម្ចីខុសច្បាប់ ទាំងតាមប្រព័ន្ធអនឡាញ និងនៅតាមទីតាំងជាក់ស្តែង។
ជាលទ្ធផល ទីតាំងអាជីវកម្មចំនួន ៤ នៅរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងសកម្មភាពជួញដូរ USDT ត្រូវបានបិទ និងវត្ថុតាងពាក់ព័ន្ធត្រូវបានរឹបអូស និងរក្សាទុកនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្រោមការគ្រប់គ្រងរបស់កម្លាំងជំនាញ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីផ្លូវច្បាប់៕

