(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបំផុសចលនាឱ្យយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងមានឥទ្ធិពលបំផុតក្នុងការការពារ និងអភិរក្សព្រៃឈើ ដេីម្បីចូលរួម និងបង្កើតយុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីតម្លៃនៃព្រៃឈើ តាមរយៈការចែករំលែកព័ត៌មាន បង្កើតមាតិកាអប់រំលើបណ្តាញសង្គមផ្សេងៗ។
ការបំផុសចលនានេះបានធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតី ភាពអបអរសាទបុណ្យរុក្ខទិវា ៩ កក្កដា ២០២៦ ព្រមទាំងបានដាំកូនឈើលម្អចំនួន ៣០០ដើម (ដើមក្ងោក) តាមដងផ្លូវជាតិលេខ៥ និងបានចែកជូនកូនឈើសម្រាប់តាមបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋចំនួន ១ ០០០ដើម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការបាត់បង់ព្រៃឈើ គឺពិតជាបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេងណាស់ដល់ភពផែនដីយើង ដូចជា៖ ធ្វើឱ្យមានបំរែបំរួលអាកាសធាតុ ការឡើងកំដៅនៃភពផែនដី គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ បាត់បង់ជីវសាស្ត្រចម្រុះ បាត់បង់សត្វព្រៃគ្រប់ប្រភេទ ខ្យល់ព្យុះ (ខ្យល់កន្ត្រាក់) និងគ្រោះទឹកជំនន់ដែលបង្កឱ្យមានការលិចលង់ផ្ទះសំបែង ដីស្រែ-ចម្ការ ផលដំណាំផ្សេងៗបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស និងសត្វ ថែមទៀតផង។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ផ្ទុយមកវិញ ប្រសិនបើមាន ឬសម្បូរព្រៃឈើ យើងពិតជាអាចចៀសផុតនូវរាល់គ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងខាងលើ ដើម្បីជំនួសមកវិញនូវព្រៃឈើដែលបានបាត់បង់។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវសារជាថ្មីបន្ថែមទៀតដល់បងប្អូន និងក្មួយៗទាំងអស់ ត្រូវនាំគ្នាចូលរួមដាំឈើឡើងវិញ នៅលើដីចម្ការ តាមព្រំដី ឬភ្លឺស្រែរបស់ខ្លួន ជាពិសេសនៅលើដីចំការដែលហឹលខ្សោះជីវជាតិមិនអាចធ្វើដំណាំកសិកម្មបាន ហើយគួរដាំជាប្រភេទកូនឈើប្រណីតក្នុងស្រុក និងកូនឈើដែលមានការលូតលាស់លឿន មិនរើសដី ដើម្បីធ្វើឱ្យបរិស្ថានមានភាពប្រសើរឡើងវិញ កាត់បន្ថយនូវគ្រោះធម្មជាតិគ្រប់បែបយ៉ាង និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។
មួយវិញទៀតគ្រប់វត្តអារាម មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្ម លើការងារដាំដើមឈើឡើងវិញឱ្យបានផុលផុសនៅគ្រប់ទីកន្លែងដែលអាចដាំបានដូចជា៖ នៅតាមវត្តអារាម ទីសាធារណៈនានា ក្នុងបរិវេណគ្រប់មន្ទីរ-អង្គភាព មន្ទីរពេទ្យ សាលារៀន ផ្លូវសាធារណៈ ឬក៏ដាំជាចម្ការក្តីក្នុងគោលបំណងធ្វើអាជីវកម្មជាដើម។ល។
បេីតាមការបញ្ជាក់ពីលោកស្រី អន ស៊ីថា ប្រធានស្ដីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការប្រារព្វពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានដាំដុះប្រភេទឈើលម្អ ( ក្ងោក) ចំនួន ១០០០ដើម នៅអមសងខាងផ្លូវជាតិលេខ៥ ចាប់ពីចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ (ផ្លូវវាងក្រុង) មកដល់ស្ពានសែសិន និងបានត្រៀមកូនឈើសម្រាប់ចែកជូនពលរដ្ឋចំនួន ១ ០០០ដើម មានប្រភេទកូនបេង,ធ្នង់, ក្រញូង, ឈើទាល, គគីរ, ផ្ដៀក និងត្របែកព្រៃជាដេីម។
លោកស្រីប្រធានមន្ទីរ បានបន្តថា នៅក្នុងឆ្នាំ២០២៦នេះ គិតពីដើមឆ្នាំ រហូតមកដល់ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ បណ្តុះកូនឈើបានចំនួន ២០ ២០០ដើម រួមមានធ្នង់ ៥ ៨០០ដើម, ក្រញូង ៣ ៧០០ដើម, ឈើទាល ៥ ០០០ដើម, គគីរ ១ ៥០០ដើម, ត្របែកព្រៃ ១ ៥០០ដើម និងចារ ២ ៧០០ដើម បានប្រគេន និងចែកជូនកូនឈើដល់ព្រះសង្ឃ អង្គភាពនានា និងប្រជាពលរដ្ឋ ចំនួន ២០ ១៣២ដើម និងសហការជាមួយគណៈកម្មការសហគមន៍ព្រៃឈើ ដាំកូនឈើបានចំនួន ១២ ៨០០ដើម ( ត្របែកព្រៃ ក្ងោក និងប្រេងខ្យល់)៕






















