ឯកឧត្តម សាយ សំអាល់ ធ្វើបាឋកថានៅសាលាជាតិកសិកម្មព្រែកលាប


ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើបាឋកថាស្តីពីបរិស្ថាន និងការចូលរួមរបស់យុវជននៅចំពោះមុខនិស្សិតសាលាជាតិកសិកម្មរាប់រយនាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធិផលនៃក្រសួងបរិស្ថានក្នុងអាណិត្តិទី៥នេះ ដែលរួមមាន កំណែទម្រង់រចនាសម្ព័ន្ធក្រសួងដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គមបច្ចុប្បន្ន ការលើកទឹកចិត្តមន្ត្រី និងបណ្តុះបណ្តាលដើម្បីបង្កើតសុខដុមនីយកម្ម និងឆ្លើយតបចំពោះការងារ ការផ្ទេរមុខងារឱ្យដាច់ស្រឡះរវាងការអភិរក្ស និងការអភិវឌ្ឍ ការទប់ស្កាត់បទល្មើសព្រៃឈើ ការបញ្ចប់ជម្លោះដីធ្លីរវាងប្រជាជននិងក្រុមហ៊ុនដីសម្បទានទាំងស្រុង ការរៀបចំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាដើម។ ក្នុងរយៈពេល៥ឆ្នាំមកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការទាំងនេះដែលមានការកែសម្រួលជាបន្តបន្ទាប់ និងកាន់តែប្រសើរឡើង។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងអំពីការកែប្រែជីវភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍តាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិដើម្បីឱ្យពួកគាត់ទទួលបានចំណូលពីផ្នែកទេសចរណ៍ដោយឈប់ពឹងផ្អែកលើធនធានធម្មជាតិ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសិស្សកសិកម្មត្រូវបង្កើតការច្នៃប្រឌិតដើម្បីបង្កើតរបស់ថ្មីនៅក្នុងទីផ្សារដើម្បីជាជម្រើសថ្មីសម្រាប់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក៕