រោងចក្រផលិត ចែកចាយឧស្ម័នឧស្សាហកម្មមួយរបស់ក្រុមហ៊ុនចិន ចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


រោងចក្រផលិត ចែកចាយឧស្ម័នឧស្សាហកម្ម ដ៏ធំជាងគេក្នុងតំបន់បានកកើតដំបូងនៅទឹកដីនៃខេត្តកំពងស្ពឺ ដែលចំណាយដើមទុនវិនិយោគរាប់លានដុល្លារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមានចូលរួមពីមន្ត្រីរាជការ និងអ្នកវិនិយោគបរទេស (ចិន) ជាច្រើនក្រុមហ៊ុន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងមោទកភាពចំពោះវត្តមានរោងចក្រនៃក្រុមហ៊ុន ជីនឌីង អ៊ែរ លីគ្វីហ្វេកសិន (ខេមបូឌា) ឯ.ក ជាសហគ្រាសវិនិយោគមកពីប្រទេសចិន បានចុះ សិក្សានៃគម្រោងនេះតាំងពីខែ២ ឆ្នាំ២០២៦ រយៈពេល៥ខែ រហូតដល់ សម្រេចចិត្តទិញដីនឹងបង្កើតរោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រភពបច្ចេកវិទ្យាផលិត ឧស្ម័នឧស្សាហកម្មដ៏ទំនើប ផ្តោតលើការផលិតឧស្ម័នរាវបីប្រភេទសំខាន់ ដើម្បីបំពេញតម្រូវការឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍសហគ្រាសចិនដែលមានមូលដ្ឋាននៅកម្ពុជា។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា នេះជានយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខំប្រឹងប្រែងកៀគរវិនិយោគបរទេសឲ្យបណ្តាក់ទុនបើករោងចក្រ សហគ្រាស ដើម្បីជាប្រយោជន៍ ការងារសម្រាប់ប្រជាពលរដ្ឋ ចំណូលចាំបាច់ប្រចាំថ្ងៃ និងជាពិសេសក្នុងការអភិវឌ្ឍប្រទេសជាតិទៅអនាគតផងដែរ។

លោក Chen ZongHui ប្រធានក្រុមហ៊ុន ជិនឌីង អ៊ែរ លីគ្វីហ្វេកសិន (ខេមបូឌា) .. បានលើកឡើងថា គម្រោងរោងចក្រផលិតឧស្ម័ននេះ មានទុនវិនិយោគសរុបជាង ១០លានដុល្លាអាមេរិក ដែលជាគម្រោងឧស្សាហកម្មឧស្ម័នខ្នាតធំដំបូងនៅក្នុងតំបន់សេដ្ឋកិច្ចអន្តរជាតិ ជិនឆឹង ខេត្តកំពង់ស្ពឺ។ ទុនវិនិយោគទាំងអស់ត្រូវបានប្រើសម្រាប់សាងសង់រោងចក្រ ទិញឧបករណ៍បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាអូតូម៉ាទិក។ ដែលគម្រោងផលិតឧស្ម័នបំលែងខ្យល់ខ្នាតធំផលិតអុកស៊ីសែនរាវ, អាសូតរាវ, អាហ្គុនរាវ ដោយប្រើបច្ចេកវិទ្យា បំបែកសីតុណ្ហភាពទាប និងម៉ូលេគុលស៊ីវ។

លោក ZongHui បានបញ្ជាក់ថែមថា សមត្ថភាពផលិតប្រចាំឆ្នាំ អុកស៊ីសែនរាវ ៤០០០០តោន,អាសូតរាវ ១៤០០០តោន, អាហ្គុនរាវ ១០០០តោន និងអត្ថប្រយោជន៍ (ឧស្មន័) ផលិតផលមានកម្រិតបរិសុទ្ធខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ថ្លៃសមរម្យ ផ្គត់ផ្គង់ជាបន្តបន្ទាប់ដល់ រោងចក្រសំណង់ដែក, រោងចក្រផលិតសំបកកង់រថយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ឧស្សាហកម្មឱ សថ និងចំណីអាហារ ជាពិសេសបញ្ចប់ការពឹងផ្អែកនាំចូលឧស្ម័នពីប្រទេសជិតខាងរបស់កម្ពុជា ជួយកាត់បន្ថយថ្លៃដើមឧស្សាហកម្ម ក្នុងប្រទេស។ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងចិន ជួយជំរុញការអភិវឌ្ឍឧស្សាហកម្មជាតិកម្ពុជា និងពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ៕