កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រំលែកទុក្ខគ្រួសារយុទ្ធជនពលីជីវិតការពារជាតិ


ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានចាត់ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយមន្ត្រីប្រតិបត្តិសាខា អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោកពលបាលទោ ប៉ិច សត្យា យុទ្ធជននៃវរសេនាតូចរថក្រោះលេខ៦៧ យោធភូមិភាគទី៥ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែន (ប្រចាំទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ)។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងវេលាដ៏សែនក្ដុកក្ដួលនោះ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនូវសារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម សុខ លូ ដែលសម្តែងនូវក្តីសោកស្តាយអាឡោះអាល័យជាពន់ពេក។ ការបាត់បង់ លោកពលបាលទោ ប៉ិច សត្យា គឺជាការបាត់បង់ធនធានមនុស្សយ៉ាងសំខាន់ក្នុងវិស័យការពារជាតិ ព្រមទាំងបាត់បង់ស្វាមីជាទីស្រឡាញ់ លោកឪពុកជាទីគោរពប្រកបដោយព្រហ្មវិហារធម៌ និងជាយុទ្ធជនដ៏ល្អ ដែលមានទឹកចិត្តអង់អាចក្លាហាន មានឆន្ទៈមោះមុតបម្រើជាតិ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងជាពិសេសការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។

កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយ៉ាងក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកពលបាលទោ ប៉ិច សត្យា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ការលះបង់ដ៏ធំធេងរបស់លោក គឺជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយ និងជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕