ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៤វត្ត នៅស្រុកពញ្ញាឮ


ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស, អនុប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវិហារលួង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គាទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន២៤វត្ត ស្ថិតក្នុងឃុំផ្សារដែក ឃុំវិហារលួង និងឃុំភ្នំបាទស្រុកពញ្ញាឮ ខេត្តកណ្តាល។

ក្នុងឱកាសដ៏ថ្លៃថ្លានោះឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃពិធីបុណ្យចូលព្រះវស្សា ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនា។ ពិធីនេះមិនត្រឹមតែជាការបន្តវេនវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកជួយឧបត្ថម្ភ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិធម៌វិន័យរយៈពេល ៣ខែពេញប្រកបដោយផាសុកភាព។

នៅក្នុងពិធីបុណ្យនេះ ពុទ្ធបរិស័ទចំណុះជើងវត្តបានជួបជុំគ្នា ធ្វើកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន និងញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក និងជូនដល់ដល់វិរៈកងទ័ពដ៏អង្គអាចក្លាហ៊ាន បានពលីជីវិតការពារទឹកដីការឈ្លានពានពីប្រទេសសៀម សូមឱ្យទទួលបាននូវផល្លានិសង្ស ដែលកើតចេញពីការកសាងបុណ្យកុសលនាពេលនេះ។

ទេយ្យទានដែលបានប្រគេនដល់វត្តទាំង ២៤ដែលក្នុង១វត្តទទួលបានទៀនព្រះវស្សា ១គូ សាដក២ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកត្រី២កេស ទឹកស៊ីអ៊ីវ២កេស មី២កេស អង្ករ១បាវ បច្ច័យក៏សាងវត្ត ៥០ម៉ឺនរៀល ព្រះចៅអធិការក្នុង ១អង្គ១០ម៉ឺនរៀល បច្ច័យព្រះភិក្ខុសង្ឃ១អង្គ ៥ម៉ឺនរៀល លោកអាចារ្យ ៤ម៉ឺនរៀល លោកយាយលោកតាចូលរួមម្នាក់ៗទទួលបាន ១ម៉ឺនរៀល។

ការចូលរួមប្រគេនទេយ្យទាននេះ គឺជាកាយវិការដ៏ប្រពៃមួយដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការរួមចំណែករបស់បណ្ឌិត កែវ បេងវឌ្ឍន៍ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ល្អរបស់ជាតិខ្មែរ៕