អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការផ្តល់សេវានៅរដ្ឋបាលក្រុង/ស្រុក ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ


នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ និងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីពង្រឹងការគ្រប់គ្រងការផ្តល់សេវា ស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលធ្វើឱ្យមានគុណភាពលើការផ្តល់សេវាកាន់តែល្អប្រសើរ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការិយាល័យច្រកចេញចូលតែមួយមិនគ្រាន់តែជាកន្លែងប្រមូលផ្តុំប្រភេទសេវារដ្ឋបាលឱ្យនៅកន្លែងតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាមានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិទៀតផង ពីព្រោះការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមការិយាល័យច្រកចេញចូលតែមួយ មានន័យថាទទួលពាក្យនៅច្រក និងការផ្តល់លទ្ធផលសម្រេចជូនអ្នកស្នើសុំសេវាវិញក៏តាមច្រកដែរ ដោយត្រូវជៀសវាងឱ្យបានដាច់ខាតនូវការផ្តល់សេវា ដែលមានការយឺតយ៉ាវទាំងការផ្តល់សេវា និងការបញ្ជូនតាមប្រព័ន្ធកុំព្យូទ័រជាដើម។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា៖ ការិយាល័យច្រកចេញចូលតែមួយ បានជួយលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ ការកែលម្អការផ្តល់សេវារដ្ឋបាល ហើយកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល។ បន្ថែមពីនេះ គឺដើម្បីបង្ខិតសេវារដ្ឋបាលឱ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាបានឆាប់រហ័ស ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានណែនាំដល់រដ្ឋបាលក្រុង/ស្រុក ត្រូវខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួនបន្តទៀត ជាពិសេសការលើកកម្ពស់ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវចាត់ទុកការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ចទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ គឺជាអំពើខុសច្បាប់៕