នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការបើកដំណើរការគម្រោងកសាងផែនការមេអាងទន្លេដែលមានភាពធន់នៅកម្ពុជា-ដំណាក់កាលទី១(CRRBM_Phase1) នៅសណ្ឋាគារសាន់&មូនរីវើសាយ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។
សូមជម្រាបថា គម្រោងកសាងផែនការមេអាងទន្លេដែលមានភាពធន់នៅកម្ពុជា បានអនុវត្តក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមអាងទន្លេដែលមានភាពធន់។ គម្រោងនេះនឹងធ្វើការវាយតម្លៃរយៈពេលវែងលើសន្ដិសុខទឹកនិងការគ្រប់គ្រងអាងទន្លេដោយពិនិត្យមើលបញ្ហាប្រឈមបច្ចុប្បន្ននិងទៅអនាគត ស្វែងរកហានិភ័យពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងបង្កើតកម្មវិធី និងដំណោះស្រាយដែលអាចអនុវត្តបាន ដើម្បីពង្រឹងគោលនយោបាយ ក្របខណ្ឌ ស្ថាប័ន សមត្ថភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ហើយដែលនៅដំណាក់កាលទី១នេះ ការងារគឺផ្ដោតលើបណ្ដុំអាងទន្លេមេ(ស្ទឹង)ចំនួន១១ នៃបឹងទន្លេសាប។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា ការរៀបចំផែនការមេអាងទន្លេ គឺផ្តល់ឱកាសឱ្យយើងយល់ដឹងស៊ីជម្រៅលើអាងទន្លេទាំងមូល មើលឃើញពីសក្តានុពលធនធានទឹក តម្រូវការនាពេលអនាគត ទិដ្ឋភាពបរិស្ថាន និងទំហំវិនិយោគ មុនពេលការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះជាជំហានដ៏មានសារៈសំខាន់ដែលនឹងផ្ដល់ជូនរាជរដ្ឋាភិបាលនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀបចំផែនការគ្រប់គ្រង និងផែនការវិនិយោគសម្រាប់អាងទន្លេនីមួយៗនាពេលអនាគត។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពបើកចំហក្នុងដំណើរការនេះ ព្រមទាំងចូលរួមចែករំលែកបទពិសោធន៍ លើកឡើងពីក្តីកង្វល់ និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ប្រកបដោយស្មារតីស្ថាបនា ដើម្បីជួយពង្រឹងផែនការមេចុងក្រោយឱ្យកាន់តែមានភាពរឹងមាំ មានភាពប្រាកដនិយម អាចអនុវត្តបាន ហើយឆ្លើយតបបានយ៉ាងពិតប្រាកដទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា៕


