ក្រុមហ៊ុនអន្តរជាតិ១៥ ចុះពិនិត្យទីតាំងផ្លូវ២១ខ្សែ ក្នុងក្រុងបាត់ដំបង ត្រៀមដេញថ្លៃសាងសង់


រួមជាមួយឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិចំនួន១៥ក្រុមហ៊ុន ចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងចំនួន២១ខ្សែ ដើម្បីត្រៀមរៀបចំការដេញថ្លៃសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

តាមគម្រោង ការបើកកញ្ចប់ឯកសារដេញថ្លៃផ្លូវទាំង២១ខ្សែនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ បន្ទាប់ពីនីតិវិធីដេញថ្លៃត្រូវបានបញ្ចប់ ការសាងសង់ផ្លូវនឹងអាចចាប់ផ្ដើមនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦។ ការបញ្ចប់គម្រោងនេះ នឹងធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្រុងបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងទាំងនោះរួមមាន៖

*ទីលានចាក់សំរាមស្តង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលជាទីលានធំជាងគេមួយនៅកម្ពុជា
*ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ
*ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែ។

គម្រោងទាំងនេះបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង៕