ក្រសួងសេដ្ឋកិច្ច បន្តយុទ្ធនាការបណ្តុះបណ្តាល និងវិក្រឹតការស្ដីពី «គណនេយ្យសាធារណៈ» នៅខេត្តមណ្ឌលគិរី, ក្រចេះ, ត្បូងឃ្មុំ, ស្ទឹងត្រែង និងខេត្តរតនគិរី


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «គណនេយ្យសាធារណៈ» ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក លោកស្រី អនុរដ្ឋលេខធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម សរុបប្រមាណ៩០នាក់។

ថ្លែងក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចជូនអង្គពិធីនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖

ទី១៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលដៅគឺគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអង្គភាពថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ព្រមជាមួយនឹងការដាក់ឱ្យដំណើរការ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា សំដៅធានា តម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ឱ្យចំគោលដៅ និង ទាន់ពេលវេលា។

ការណ៍នេះ ពុំមែនមានន័យថា សមិទ្ធផលដែលយើងបានសម្រេចក្នុងពេលកន្លងមក ត្រូវបិទបញ្ចប់នូវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនោះទេ, ក៏ប៉ុន្តែ ទន្ទឹមនឹងការបន្តឈានទៅសម្រេច «គណនេយ្យភាពសមិទ្ធកម្ម» យើងចាំបាច់ត្រូវបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរ និង ប្រគល់ទៅឱ្យអង្គភាពថវិកានៃក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ, ការកសាងសមត្ថភាពជូន ដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ គឺជាការងារចាំបាច់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច។

ទី២៖ ពិភពលោកបច្ចុប្បន្ន ពោរពេញដោយភាពមិនប្រាកដប្រជា ដោយសារតែការរង្គោះរង្គើផ្នែកសេដ្ឋកិច្ច, ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ, ការចុះខ្សោយនៃប្រព័ន្ធច្បាប់ និង សណ្ដាប់ធ្នាប់ពិភពលោក, ការរីកចម្រើនឆាប់រហ័ស នៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល, និង ការប្រែប្រួលអាកាសធាតុ ដែលកត្តាទាំងនេះ បាននិងកំពុងកើតឡើងក្នុងល្បឿនដ៏លឿន និង មិនអាចព្យាករបានជាមុន។ ក្នុងន័យនេះ, កម្ពុជា ត្រូវការធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីរួមចំណែកឆ្លើយតប ឱ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយភាពធន់រឹងមាំ សម្រាប់ឆ្លើយតបទៅនឹងវិបត្តិ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ទី៣៖ ក្នុងបរិការណ៍ដែលកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាប្រឈម ទាំងក្នុង និង ក្រៅប្រទេស, ជាពិសេសការឈ្លានពានពីប្រទេសជិតខាង ដែលពោរពេញដោយមហិច្ឆតា និង មានកម្លាំងសេដ្ឋកិច្ចខ្លាំងជាង, កម្ពុជា ចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែលឿន និង ទូលំទូលាយថែមទៀត សំដៅប្រែក្លាយកម្ពុជា ពីប្រទេសចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

ដើម្បីសម្រេចគោលដៅនេះ ប្រជាលពលរដ្ឋម្នាក់ៗ ជាពិសេស ព្រមទាំងមន្រ្តីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុសាធារណ: ដែលជាសិក្ខាកាមគោលដៅនៃវគ្គសិក្សានេះ ចាំបាច់ត្រូវមានស្មារតីរួម ប្រកបដោយមនសិការជាតិ តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាប្រចាំ ។ ទន្ទឹមនេះ, សិក្ខាកាមម្នាក់ៗ ត្រូវបន្តរួមគ្នាអនុវត្តការងារ ក្នុងស្មារតី «ឧត្តមនិយម» នៃផលប្រយោជន៍ជាតិ ដោយផ្ដើមចេញពីការបំពេញភារកិច្ច ឱ្យបានល្អប្រសើរ ស្របតាមមុខងារ និង តួនាទី សំដៅឈានឆ្ពោះទៅសម្រេចគោលដៅ ក្នុងការកសាងនូវខឿនការពារជាតិរឹងមាំ ក្នុងនាមជាពលរដ្ឋដែលត្រូវជាម្ចាស់លើជោគវាសនាប្រទេសជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្នុងបរិការណ៍នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជាឆ្នាំ ២០២១-២០៣១» ដែលបាននិងកំពុងផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធគណនេយ្យមូលដ្ឋាន សាច់ប្រាក់ ទៅជាប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរ ដោយបានកំណត់យកឆ្នាំ ២០៣១ ជាបង្គោលចរសម្រាប់កម្ពុជា ក្នុងការឈានទៅអនុវត្តប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរពេញលេញ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និង ក្នុងបរិបទជាក់ស្តែងរបស់កម្ពុជា សំដៅធានាបាននូវការប្រើប្រាស់ធនធាន និង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព៕