សភាកម្ពុជា ក្រោមកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានចាប់ផ្តើមដំណើរការ ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសមាជិកសភាអាស៉ី-ប៉ាស៉ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH) ក្រោមមូលបទ៖ «ការគ្របដណ្តប់សុខភាព ជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត (Universal Health Coverage in the Era of Climate Change and Artificial Intelligence)» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា គណៈប្រតិភូជាសមាជិក APPF-GH និងភ្ញៀវកិត្តិយសចំនួន ១៦ប្រទេស ជាប្រធានសភា អនុប្រធានសភា សមាជិកសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញការ បានអញ្ជើញចូលរួមវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ក្នុងន័យធ្វើយ៉ាងណាធានា និងលើកកម្ពស់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាព ថ្លែងសុន្ទរកថាបើកវេទិកា សមាជិកសភាអាស៉ី-ប៉ាស៉ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ ជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ហើយព្រឹត្តិការណ៍នេះ នឹងប្រារព្ធពិធីបិទនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា។
វេទិកាសមាជិកសភាលើកទី៩នេះ មានកិច្ចប្រជុំពាក់ព័ន្ធសំខាន់ចំនួន៤ រួមមាន៖
*១- កិច្ចប្រជុំលើកទី១៖ សកម្មភាពឆ្ពោះទៅរកការគ្របដណ្តប់សុខមាលភាពជាសកលនៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក (Advancing UHC in the Asia-Pacific Region)
*២- កិច្ចប្រជុំលើកទី២៖ អភិបាលកិច្ចសភាឆ្ពោះទៅរកការគ្របដណ្តប់សុខមាលភាពជាសកល-បទពិសោធន៍របស់ប្រទេសលើដំណើរការអភិវឌ្ឍនិងភាពប្រឈម (Parliamentary Governance in UHC: Progress and Challenges-Country Experiences)
*៣- កិច្ចប្រជុំលើកទី៣៖ សុខភាពសកលនៅក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ (UHC in the era of Climate Change)
*៤- កិច្ចប្រជុំលើកទី៤៖ សុខភាពសកលនៅក្នុងយុគសម័យ AI (UHC in the era of AI)។
វេទិកាសមាជិកសភាអាស៉ី-ប៉ាស៉ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ ក៏មានរៀបចំដំណើរកម្សាន្តជូនគណៈប្រតិភូ ទៅពិនិត្យនិងសិក្សាស្វែងយល់អំពីការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាព អង្គភ្នំតូច និងនៅមន្ទីរពេទ្យ Sonja Kill ស្ថិតនៅក្នុងខេត្តកំពត។
ក្នុងនាមជាសមាជិកសកម្មនៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPF-GH) រដ្ឋសភាកម្ពុជា តាមរយៈគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការ នារី (គណៈកម្មការទី៨) នៃរដ្ឋសភា បានចូលរួមយ៉ាងសកម្មជាមួយវេទិកានេះ ក្នុងការគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិមុនដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអាណត្តិបច្ចុប្បន្នដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេង ប្រកបដោយថាមវន្ត ស្វាហាប់ និងចក្ខុវិស័យវែង ឆ្ងាយក្នុងការធ្វើឱ្យសម្រេចបាន «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» និងឈានទៅកសាងប្រព័ន្ធថែទាំសង្គមមួយសម្រាប់ប្រជាពលរដ្ឋ ឱ្យបាននូវសេវាថែទាំសុខភាព ហើយឱ្យមានលទ្ធភាព និង ធានាថា មិនមានប្រជាជនណាត្រូវបោះបង់ ឬមិនទទួលបានការថែទាំសុខភាពនោះទេ។
នេះជាលើកទី១ ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះ ហើយការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសមាជិក សភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩នេះ គឺជាសក្ខីភាពនៃការជឿទុកចិត្តពីអន្តរជាតិមកលើកម្ពុជា នៅក្នុងការរួមវិភាគទានដ៏ថ្លៃថ្លា និងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភាលើបញ្ហាសុខភាពសកល និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធ សុខាភិបាលឱ្យកាន់តែមានភាពធន់ និងបរិយាបន្ន តាមរយៈកិច្ចសហការលើវិស័យនីតិកម្ម ឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសកល (UHC) ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
វេទិកាសមាជិកសភាតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ បានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយមានសមាជិក ចំនួន ៣១ប្រទេស នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ គិតត្រឹមឆ្នាំ២០២៤ សភាប្រទេសជាសមាជិកចំនួន២៧ បានចូលរួមនៅក្នុងវេទិកា ប្រចាំឆ្នាំ APPF-GH កន្លងមក ដោយឡែកនៅក្នុងឆ្នាំ២០២៦នេះ មានប្រទេសចំនួន ២បន្ថែមទៀត បានស្នើបន្ថែមចូលជាសមាជិកភាព។ វេទិកានេះមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសុខភាពពិភពលោក (WHO) ក្នុងគោលបំណងពង្រឹង ថែទាំ និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕











