នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព នៅសាលាខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមផងដែរពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលខេត្តទាំងពីរផងដែរ។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដេីម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ “មានហូប មានប្រេី មានបាន និងមានរហូត” ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ចជួយដល់ប្រជាកសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លេីការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប ដេីម្បីទទួលបានផលចំណេញ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕


