រាជធានីភ្នំពេញ៖ នាព្រឹកនាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣។ ពិធីដ៏វិសេសវិសាលនេះ រៀបចំឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេស តំណាងដៃគូអភិវឌ្ឍន៍ តំណាងអ្នកទទួលការ ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៅក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ៣៧៤នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានអញ្ជើញធ្វើរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ជូនអំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ តាំងពីដំណាក់កាលចាប់ផ្ដើម រហូតសម្រេចជោគជ័យ និងបានជម្រាបជូនអំពីគោលបំណងនៃការរៀបចំពិធីប្រកាសនាពេលនេះ។ ជាមួយគ្នានោះដែរ លោក គង់ ភឿន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានធ្វើបទបង្ហាញដោយសង្ខេបអំពីផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ជូនដល់អង្គពិធី។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបទបង្ហាញរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងមន្រ្តីរាជការទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ ដែលជាកាយវិការបង្ហាញអំពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល។ ផ្អែកតាមយុទ្ធសាស្ត្រទី១ នៃគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ ប្រកបដោយគុណភាពនិងភាពធន់ តាមរយៈការលើកកម្រិតគុណភាពនិងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាព ដើម្បីតភ្ជាប់និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន និងទីក្រុង ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ឱ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មផងដែរ។ ទន្ទឹមនឹងនោះ ដើម្បីអនុវត្តកិច្ចការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដែលអាចប្រើប្រាស់បានគ្រប់រដូវកាល ក្រសួងក៏បានធ្វើការកែទម្រង់ជាច្រើន ផ្អែកលើគោលការណ៍ចំនួន ៤ គឺ៖ “គុណប្រយោជន៍, គុណភាព, សុវត្ថិភាព និងភាពសន្សំសំចៃ”។ ដោយឡែក ក្រសួងក៏បានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ក្រោមចក្ខុវិស័យ “កសាងបណ្តាញផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡាប្រកបដោយភាពធន់” ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់អង្គពិធីទាំងមូល និងគ្រប់ភាគីពាក់ព័ន្ធឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣នេះ ជាឯកសារគតិយុត្តក្នុងការអនុវត្តការងារពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រមទាំងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនទៀត ដើម្បីជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ប្រកបដោយប្រសិទ្ធភាព គុណភាព និងមានភាពធន់។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់នូវសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ជូនដល់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិដែលបានចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ៕


