នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៩១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ដោយមានការអញ្ជើញជាចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធាននៃ បណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា , រាជធានីភ្នំពេញ។
ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ឯកឧត្តម ឯក សំអុល បាន សម្តែងនូវការសប្បាយរីករាយក្រៃលែង ដោយមានកិត្តិយសបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៩១ នេះ ព្រមទាំងនាំមកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល។
ឯកឧត្តមប្រធាន បានថ្លែងថា ពិធីបើកវគ្គនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៩១ នាពេលនេះ ប្រារព្ធឡើងនៅក្នុងវិមាន ៧ មករា ដែលតំណាងឲ្យភាពរឹងមាំ និងយូរអង្វែងរបស់គណបក្សយើង ស្របពេលដែលកម្ពុជាបន្តរក្សាបានសន្តិភាពផ្ទៃក្នុងប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ដែលអំណោយផលដល់គណបក្សយើងក្នុងការបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៨ ឆ្នាំ២០២៨ ក៏កាន់តែខិតជិតមកដល់។
ឯកឧត្តម ឯក សំអុល បានថ្លែងថា ហេតុអ្វីបានជាមន្រ្តីគណបក្សយើងត្រូវរៀនវគ្គនយោបាយ។ ដោយឯកឧត្តមបានគូសបញ្ជាកថា ការរៀនវគ្គនយោបាយ គឺដើម្បីឱ្យមន្រ្តីយើងមានមូលដ្ឋានរឹងមាំក្នុងការជឿជាក់លើការដឹកនាំរបស់គណបក្ស និងដើម្បីលើកកម្ពស់សមត្ថភាព និងគុណធម៌របស់មន្រ្តីឱ្យបំពេញភារកិច្ចបានល្អដែរ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សនៅក្នុងដំណាក់កាលនីមួយៗ។ ជាក់ស្តែង ក្នុងការងារដឹកនាំ គណបក្សបានចាត់ទុកវគ្គអប់រំនយោបាយរបស់គណបក្ស ជាគោលការណ៍ចម្បងដែលគណបក្សតែងតែប្រកាន់យកតាំងពីដើមរៀងមក គឺចាប់តាំងពីដំណាក់កាលតស៊ូដើម្បីឯករាជ្យ ពីដំណាក់កាលតស៊ូដើម្បីរំដោះសង្រ្គោះជាតិ និងតាំងពីក្រោយថ្ងៃរំដោះជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន។ ឯកឧត្តមបានបន្តថា គណបក្សតែងតែយកសាលានយោបាយ វគ្គអប់រំនយោបាយ សន្និបាត មហាសន្និបាត និងអង្គប្រជុំនានារបស់គណបក្ស ធ្វើជាកន្លែងអប់រំបំពាក់បំប៉ន ពង្រឹងគោលជំហររបស់មន្រ្តីគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងនៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ដើម្បីឲ្យមន្រ្តីគណបក្សមានឆន្ទៈមុតស្រួច និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចដែលគណបក្ស និងប្រជាជនបានប្រគល់ជូន។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយជំនាន់ទី៩១ នេះ ទទួលបានលទ្ធផលល្អ ឯកឧត្តម ឯក សំអុល បានលើកយកប្រការមួយចំនួនដែលត្រូវយកចិត្តទុកដាក់រួមមាន ៖ ១.សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ខិតខំបំពេញភារកិច្ច និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងវគ្គអប់រំនយោបាយនេះឲ្យបានល្អ ២.សូមគ្រូឧទ្ទេសគ្រប់រូបយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញារបស់ខ្លួន ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានដល់សិក្ខាកាមដោយទឹកចិត្តទូលំទូលាយ ៣.សូមសិក្ខាកាមគ្រប់រូបត្រូវប្រមូលផ្ដុំអារម្មណ៍ក្នុងការរៀនសូត្រ ការគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់វគ្គដោយស្មារតីភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ ធានាឲ្យការសិក្សាទទួលបានលទ្ធផលល្អ សំដៅយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រនេះទៅបម្រើប្រជាជន គណបក្ស និងប្រទេសជាតិឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពថែមទៀត ៤.សូមទាំងអស់គ្នាយកចិត្តទុកដាក់ដល់ការថែទាំសុខភាព ថែរក្សាចំណងមិត្តភាព សាមគ្គីភាពរវាងសិក្ខាកាម និងសិក្ខាកាម រវាងគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសជាមួយសិក្ខាកាម រវាងសិក្ខាកាម និងមន្ត្រីបុគ្គលិកបម្រើការងាររបស់វគ្គដោយស្មារតីយោគយល់ និងសុខដុមរមនា។


