ជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ប្រធានគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈ័ន អះអាងថា ក្រុមហ៊ុនកូរ៉េធំៗ ចាប់អារម្មណ៍មកបោះទុនវិនិយោគនៅកម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (ICCI) ដឹកនាំដោយ លោក Park Joo-bong ប្រធាន ICCI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមអមពីលោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងឱកាសនៃជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈ័ន ដែលបានសម្របសម្រួលលើការរៀបចំ «វេទិកាផ្សព្វផ្សាយវិនិយោគ អ៉ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» កាលពីចុងខែមិថុនា កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពជឿជាក់ និងសុទិដ្ឋិនិយមខ្ពស់ថា តាមរយៈវេទិកាផ្សព្វផ្សាយវិនិយោគនេះ និងការបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅក្នុងសាធារណរដ្ឋកូរ៉េ នឹងទាក់ទាញបាននូវលំហូរទុនវិនិយោគផ្ទាល់ និងធុរជនកូរ៉េជាច្រើនបន្ថែមទៀតមកបោះទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធាន ICCI បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកនេះ និងបានសម្តែងនូវសេចក្តីរីករាយ ព្រមទាំងជម្រាបពីភាពជោគជ័យនៃយុទ្ធនាការផ្សព្វផ្សាយវិនិយោគកន្លងមក ដែលក្នុងនោះមានបណ្តាញសារព័ត៌មានកូរ៉េចំនួន ៣៨ស្ថាប័នបានចុះផ្សាយ និងបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ និងសហគមន៍ធុរកិច្ចកូរ៉េ អំពីសក្តានុពលរបស់កម្ពុជា។

ជាលទ្ធផលផ្លែផ្កាជាក់ស្តែង លោកប្រធានបានគូសបញ្ជាក់ថា យុទ្ធនាការកន្លងមកនេះបាននិងកំពុងបង្ហាញពីសញ្ញាណវិជ្ជមានយ៉ាងខ្លាំង ដោយក្នុងនោះមានក្រុមហ៊ុនកូរ៉េធំៗមួយចំនួនបានបង្ហាញបំណងក្នុងការមកបោះទុនវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យផលិតគ្រឿងសង្ហារិម និងការកែច្នៃកសិផល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះធ្វើការចែករំលែកអំពី ការវាយតម្លៃលើបរិយាកាសធុរកិច្ចល្អរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ពីសំណាក់ស្ថាប័នព័ត៌មានអាម៉េរិក ហើយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត។

ឯកឧត្តមក៏បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (International Conference on Combating Online Scams) គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានការចូលរួមពីគណៈប្រតិភូអន្តរជាតិជុំវិញពិភពលោក ក៏ដូចជាគណៈប្រតិភូពី FBI ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធាន ICCI បានជម្រាបអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសជំនាញ ក្នុងនោះលោកបានបញ្ជាក់ថា នឹងមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយរំពឹងថានឹងទទួលបានការតម្រង់ទិស និងគាំទ្របន្ថែមពី ក.អ.ក. ផងដែរ។

ជាការឆ្លើយតបឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ និងបានជម្រាបជូនគណៈប្រតិភូ Incheon CCI ថា ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួល សំដៅជំរុញឱ្យគម្រោងនេះលេចរូបរាងឡើង ដើម្បីជាប្រយោជន៍លើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ជំនាញបច្ចេកទេសកម្លាំងពលកម្មកម្ពុជា ជាការឆ្លើយតបបានយ៉ាងចំទិសដៅទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញរបស់អ្នកវិនិយោគកូរ៉េនៅកម្ពុជា នាពេលអនាគត។

ជាកិច្ចបញ្ចប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការសំណូមពរទៅកាន់ លោកប្រធាន ICCI ឱ្យបន្តផ្សព្វផ្សាយ និងរំលេចអំពីតថភាពវិជ្ជមាន ស្ថិរភាពនយោបាយ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េឱ្យកាន់តែស្គាល់ច្បាស់បន្ថែមទៀត។ ជាការឆ្លើយតប លោកប្រធាន ICCI បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការយ៉ាងស្អិតរមួតរវាងសភាពាណិជ្ជកម្ម ICCI និងស្ថាប័នរដ្ឋនៃសាធារណរដ្ឋកូរ៉េ សំដៅរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងជំរុញលំហូរទុនវិនិយោគ និងធុរកិច្ចពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនខ្លាំងក្លា និងប្រកបដោយចីរភាពនាពេលអនាគត៕