ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ជំរុញអង្គភាពសុខាភិបាលត្រូវបន្តពង្រឹងការបណ្តុះបណ្តាល លើសមត្ថភាពថែទាំព្យាបាល ដោយភ្ជាប់ជាមួយការអនុវត្តន៍ និងដល់ក្នុងមូលដ្ឋានសុខាភិបាលផ្ទាល់តែម្តង


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់អង្គភាពសុខាភិបាលទាំងអស់ ត្រូវបន្តពង្រឹងការបណ្តុះបណ្តាលបន្ត លើសមត្ថភាថែទាំព្យាបាល ដោយមិននៅត្រឹមការបណ្តុះបណ្តាលរួមៗជាទ្រឹស្តី តែត្រូវបន្ថែមពង្រីកការបណ្តុះបណ្តាលដោយការដឹកដៃអនុវត្តន៍ផ្ទាល់ (monitoring and coaching) ដល់ក្នុងមូលដ្ឋានសុខាភិបាលផ្ទាល់តែម្តង។

ការថ្លែងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាស បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យបានបន្តទៀតថា «យើងត្រូវពង្រឹងកម្លាំងសុខាភិបាលឱ្យមានប្រសិទ្ធភាព ដោយសុខភាពមានលក្ខណច្រើន ដែលជា ecosystem ដ៏ស្មុគស្មាញមួយ (complex) ជាប្រព័ន្ធប្រទាក់ក្រឡាគ្នា សម្រាប់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ»

ឯកឧត្តមសាស្រ្តាចារ្យក៏បានគូសរំលេចបន្ថែមថា សុខភាពបឋម ត្រូវផ្តោតការយកចិត្តទុកដាក់ជាចម្បង ដែលជាការវិយោគសុខភាពដ៏មានតម្លៃ ចំណោយតិច នឹងទទួលបានផលចំណេញនាពេលអនាគត។ សុខភាពបឋម ជាបញ្ហាសុខភាពសាធារណៈ ដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសារគន្លឹះរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ «ការអប់រំសុខភាព គឺជាសសរគ្រឹះនៃយុទ្ធសាស្រ្ត ដែលជាការវិនិយោគសុខភាពរយៈពេលវែង»

បន្ថែមពីនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញអង្គភាពសុខាភិបាល ឱ្យបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍជួយគាំទ្រដល់វិស័យសុខាភិបាល ឱ្យកាន់តែស្អិតរមួល ដោយបង្កើតឱ្យមានសមិទ្ធផល វឌ្ឍនភាពជាមួយអ្នកជំនាញ និងជំរុញការងារសុខាភិបាលឌីជីថល ប្រព័ន្ធកត់ត្រាព័ត៌មានឱ្យកាន់តែប្រសើរឡើង។

លើសពីនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹក ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាមផងដែរ។

សូមជម្រាបថានាឳកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធផលនៃវេទិកា លើកទី៩ នៃសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត» នៅវិមានរដ្ឋសភា ប្រកបដោយជោគជ័យ និងមានការកោតសរសើរនូវវឌ្ឍនភាពវិស័យសុខាភិបាល និងបានអនុម័តការពិភាក្សាទៅជាសកម្មភាពផងដែរ៕