នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា (Online Scam) ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំណុះឲ្យរដ្ឋបាលខេត្ត កងកម្លាំងទាំង៣។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺមិនត្រឹមតែបានផ្តល់ចំណេះដឹងបន្ថែមប៉ុណ្ណោះទេ តែមានសារៈប្រយោជន៍សម្រាប់កិច្ចការងារ ក្នុងការអនុវត្តបន្តបន្ទាប់ទៀត ដើម្បីឈានឆ្ពោះទៅការលុបបំបាត់ជនឱកាសនិយមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។ ឯកឧត្តមបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវខិតខំប្រឹងប្រែង បន្តទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប គ្រប់ទម្រង់ នៃបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLNE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ឱ្យខាងតែបាន។
អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងស្ថាប័នពាក់ព័ន្ធ មិនត្រូវជាប់ពាក់ព័ន្ធ ជាមួយ (ONLNE SCAMS) ជាដាច់ខាត ក្នុងករណីរកឃើញ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គ្មានការលើកលែងឡើយ។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេស នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ។ កម្លាំងសរុបរបស់រដ្ឋបាលខេត្ត ត្រូវត្រៀមលក្ខណៈជាប្រចាំសម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្លាំង របស់ថ្នាក់កណ្តាល និងខេត្តជាប់ព្រំដែន ក្នុងការរួមគ្នាបង្ក្រាបបទល្មើស (ONLNE SCAMS) ២៤/២៤ ម៉ោង នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងចម្រុះទាំងអស់ ចំណុះឲ្យរដ្ឋបាលខេត្តរតនគិរីទាំងមូល ដែលបានសហការគ្នាបានយ៉ាងល្អ ក្នុងការអនុវត្តចុះបង្ក្រាប និងធ្វើរដ្ឋបាលចំហ ពាក់ព័ន្ធលើកិច្ចការងារនេះ។ ឯកឧត្តមបានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវធ្វើការត្រួតពិនិត្យ តាមដានឱ្យបានហ្មត់ចត់ ដោយធ្វើយ៉ាងណាកុំឱ្យឧក្រិដ្ឋជនឆបោកតាមអនឡាញ អាចមានឱកាសក្នុងការប្រើប្រាស់ទីតាំង ឬតំបន់ណាមួយក្នុងខេត្តដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាអនឡាញស្គេមនេះ ព្រោះក្រុមឧក្រិដ្ឋជនទាំងនោះ គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់មិនថាក្នុងមូលដ្ឋាន ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យបាត់បង់មុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសបញ្ញាសិប្បនិម្មិត (AI) បាននឹងកំពុងវាយលុកខ្លាំងទូទាំងសកលលោក ហើយ (AI) នេះគឺជាអាវុធមុខពីរ ដែលអាចជួយជាប្រយោជន៍សម្រាប់មនុស្សជាតិផង និងជាមហន្តររាយរបស់មនុស្សជាតិផងដែរ។ ដូចដែលអ្វីដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះ បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ គឺឧក្រិដ្ឋជន ភាគច្រើនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបម្លែងរូបភាពឬវីដេអូផ្សេងៗ បង្ករជាភាពចលាចលក្នុងសង្គម បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ។
ក្នុងនោះបានប្រើប្រាស់ (AI) ជាការល្បួងលួងលោម ជាតួអង្គបញ្ចុះបញ្ចូលក្នុងន័យបោកប្រាស់តាមរបៀបស្នេហា បោកប្រាស់តាមរបៀបគំរាមកំហែង បោកប្រាស់តាមរបៀបផ្តល់ឱកាសការងារ ទទួលបានប្រាក់ខែខ្ពស់ បោកប្រាស់ទំនុកចិត្តផ្សេងៗ ដូចនេះដើម្បីទប់ស្កាត់បញ្ហានេះរាជរដ្ឋាភិបាល បានដាក់ចេញវិធានការក្តៅគកុក ដើម្បីធ្វើយ៉ាងណាបោសសម្អាតឱ្យអស់នៅក្រុមឧក្រិដ្ឋជនឆបោកទាំងនោះ៕















