ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការបដិសេធចំពោះព័ត៌មានដែលបានបង្ហោះនៅលើហ្វេសប៊ុកដែលនិយាយថា មានការធ្វើឃាត ចំពោះរូបសម្ដេចនោះ។
ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ ថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នេះ បានសរសេរថា កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិតប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។
ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះ ការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ។