អង្គការសិទ្ធិមនុស្សអាដហុក បានប្រកាសបញ្ឈប់កិច្ចការពារតាមផ្លូវច្បាប់លើ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ក្រោយស្ថានការណ៍ដែល កញ្ញា ខុម ចាន់តារាទី បានសារភាពការពិតជាប់ទាក់ទងនឹងរឿង ឯកឧត្តម កឹម សុខា ទៅតុលាការ ។
កញ្ញាស្រីមុំ នឹងត្រូវឡើងតុលាការម្តងទៀតនៅថ្ងៃទី២៩ ខែមេសា ដើម្បីបកស្រាយរឿងដែលជាប់ទាក់ទងនឹងកិច្ចសន្ទនាជាមួយនឹង ឯកឧត្តម កឹមសុខា ដែលរងការចោទបទបរិហាកេរ្តិ៍ ។ ប៉ុន្តែនៅសល់តែប្រមាណ ១សប្តាហ៍ទៀតដែល កញ្ញាស្រីមុំ នឹងត្រូវឡើងតុលាការនោះ អង្គការអាដហុកដែលធ្លាប់ផ្តល់មេធាវីការពារ កញ្ញា ខុម ចាន់តារាទី បានប្រកាសប្តូរជំហរលែងការពារទៅវិញ ។
អង្គការអាដហុក គឺជាអង្គការមួយ ដែលមានទំនោរលើគណបក្សសង្គ្រោះជាតិ… ហើយកន្លងមក ក៏ធ្លាប់បានចេញមុខជួយការពារ កញ្ញា ខុម ចាន់តារាទី ដែលជាស្ត្រីសង្ស័យជាប់ពាក់ព័ន្ធលើរឿងអាស្រូវផ្លូវភេទជាមួយនឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ផងដែរ ។ កន្លងមកនេះ បើទោះបីជាមានការបង្ហាញតាមផ្លូវច្បាប់សង្ស័យថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានជាប់អាស្រូវរឿងផ្លូវភេទជាមួយនឹង កញ្ញាខុម ចាន់តារាទី ក៏ដោយ ក៏អង្គការក្រៅរដ្ឋាភិបាលរួបនេះ បានព្យាយាមការពារ ដោយចាត់ទុកថាជារឿងនយោបាយ និងផ្តល់នូវមេធាវីជួយការពារថែមទៀត ។
ការបញ្ឈប់ការការពារ កញ្ញាខុម ចាន់តារាទី បានកើតឡើងក្រោយកញ្ញារូបនេះ បានសារភាពរឿងពិតជាប់ទាក់ទងនឹងរឿងអាស្រូវ ។ សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែមេសានេះ អង្គការសិទ្ធិមនុស្សអាដហុក បានប្រកាសថា គេឈប់បន្តផ្តល់មេធាវីការពារទៀតហើយ ដោយសារតែករណី កញ្ញាខុម ចាន់តារាទី មិនមែនស្ថិតក្នុងស្ថានភាពគំរាមកំហែងធ្ងន់ធ្ងរ និងមិនគួរអោយបារម្ភទៀតទេ ។