ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងប្រតិភូអមដំណើរ នាំយកទៀនវស្សា ព្រមទាំងទេយ្យទាន និងបច្ច័យបូជា ប្រគេនព្រះសង្ឃដែលគង់នៅវត្តស្វាយ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពិធីនេះត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ ក្រុមការងារចុះមូលដ្ឋានឃុំទាំង១០ លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូល ជូនចំពោះព្រះសង្ឃ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ការនាំយកទៀនវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃនាពេលនេះ គឺជាការចូលរួមចំណែកថែរក្សា លើកស្ទួយ និងគាំទ្រវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ពិធីបានបញ្ចប់ទៅក្នុងបរិយាកាសប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីជ្រះថ្លា ដោយមានការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ទេយ្យទានដែលបានប្រគេនជូនព្រះសង្ឃ តាអាចារ្យ តាជី និងយាយជី រួមមាន ស្លាដក ទៀនវស្សា ១គូ អង្ករ ២៥០គីឡូក្រាម ទឹកបរិសុទ្ធ ៣០កេស មី ទឹកដោះគោខាប់ ត្រីខ ស្ករស ប៊ីចេង អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយចំនួនទៀត៕










