គណៈចលនាមហាជន រៀបចំបាឋកថាជាស៊េរី កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»


នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នៅសាលប្រជុំធំ វិមាន ៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

បាឋកថានេះ មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចែករំលែកនូវសក្ខីភាព ការចងចាំ បទពិសោធន៍ និងមេរៀនដែលទទួលបានដោយផ្ទាល់ពីដំណើរនៃការតស៊ូ និងការបំពេញភារកិច្ច ព្រមទាំងការរៀនសូត្រ និងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។

ការចែករំលែកពីតួអង្គដែលបានឆ្លងកាត់ប្រវត្តិសាស្ត្រដោយផ្ទាល់ បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់កាន់តែស៊ីជម្រៅពីបរិបទប្រវត្តិសាស្ត្រ ការតស៊ូ ការលះបង់ និងការសម្រេចចិត្តក្នុងដំណាក់កាលសំខាន់ៗ ព្រមទាំងគុណតម្លៃនៃភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន។ មេរៀន និងបទពិសោធន៍ទាំងនេះ ក៏ជាការបន្តផ្ទេរគុណតម្លៃពីជំនាន់មុនទៅកាន់ជំនាន់បន្តវេន ដើម្បីរួមចំណែកបណ្តុះស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាគណបក្ស ជាពិសេសយុវជន ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕