នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តក្រចេះ បានអញ្ជើញរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលផ្លូវចំនួន ៣ខ្សែ ដែលមានប្រវែងសរុប ៩៨,៤០ គីឡូម៉ែត្រ។
ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នេះ នឹងប្រព្រឹត្តទៅទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣ខ្សែនេះ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការធ្វើដំណើរ ដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន រួមមាន៖
*១. កំណាត់ផ្លូវជាតិលេខ៧៣៖ មានប្រវែងសរុប ៤៩,៨១២ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ (ផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិប្រធាតុ រហូតដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ កំណាត់ផ្លូវនេះត្រូវបានលើកកម្ពស់គុណភាព និងពង្រីកទទឹងដល់ ១១ម៉ែត្រ (មាន ២គន្លង)។
*២. កំណាត់ផ្លូវខេត្តលេខ៣៧៧៖ មានប្រវែងសរុប ៣៥ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ វិហារសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
*៣. កំណាត់ផ្លូវខេត្តលេខ៣៧៧A៖ មានប្រវែងសរុប ១៣,៥៩៣ គីឡូម៉ែត្រ តភ្ជាប់ពីផ្សារសណ្តាន់ ទៅកាន់ផ្លូវជាតិលេខ៧ ក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។ កំណាត់ផ្លូវខេត្តទាំងពីរខ្សែខាងលើនេះ ត្រូវបានស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥សង់ទីម៉ែត្រ។
គម្រោងស្ថាបនាផ្លូវប្រវត្តិសាស្ត្រទាំង ៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ដោយចំណាយពេលសាងសង់ចំនួន ២១ខែ និងមានសុពលភាពក្នុងការថែទាំជួសជុលចំនួន ៥០ខែ៕





