សមាជិកថ្មីចំនួន ១,៦១៩នាក់ ក្នុងនោះស្ត្រី ៨២៧នាក់ បានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងប្តេជ្ញារួមសុខ រួមទុក្ខ ព្រមទាំងគាំទ្រគណបក្សប្រជាជនកម្ពុជាដោយឥតងាករេ នៅគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ។
ពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៅឃុំបារាយណ៍ និងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាសខួប ៣ឆ្នាំ នៃការដឹកនាំប្រទេសរបស់យុវជនបន្តវេន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សមាជិក សមាជិកាថ្មី បានបង្ហាញមោទនភាព និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជីវភាពជាមួយ «មហាគ្រួសារគណបក្សប្រជាជនកម្ពុជា» ដោយបានបង្ហាញការគាំទ្រ និងជំនឿទុកចិត្តលើសមត្ថភាពរបស់គណបក្ស ក្នុងការដឹកនាំប្រទេស រក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការពារផលប្រយោជន៍របស់ប្រជាជន។
សមាជិកថ្មីទាំងអស់បានប្តេជ្ញាចូលរួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជា និងរួមសុខ រួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ ព្រមទាំងគាំទ្រគណបក្សដោយឥតងាករេ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក អនុប្រធានទី១ ទី២ និងលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ លោក ឃន ចាន់ថៃ អភិបាល និងជាប្រធានគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងសមាជិក សមាជិកា សរុបប្រមាណ ១,៧០០នាក់៕










