ខេត្តព្រះវិហារ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ -ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តខេត្តព្រះវិហារ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ឱ្យស្ថិតនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឱ្យប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើន និងជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់។ ការអំពាវនាវរបស់ឯកឧត្តមបែបនេះក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ ក្នុងវត្តទ្រីសទ្ធារ៉ាមហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើន លុះត្រាតែប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ។ ប៉ុន្តែបើប្រទេសនោះមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ។ ដូច្នេះយើងមានសមិទ្ធផលថ្ងៃនេះ និងមានការអភិវឌ្ឍដទៃទៀត គឺដោយសារប្រទេសយើងមានស្ថិរភាព មានសុខសន្តិភាព ហេតុនេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាព ឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង ដោយមិនត្រូវទៅចូលរួមក្នុងចលនាប្រមូលផ្តុំ ទាមទារប្រឆាំងធ្វើឱ្យកើតមាននូវបញ្ហាអសន្តិសុខ ក្នុងប្រទេសនោះទេ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និង ក្រុមគ្រួសារ ក្រុមការងារក៏ដូចជា ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានផ្តួចផ្តើមសាងសង់សាលាឆាន់នេះឡើង ដើម្បីទុកបម្រើវិស័យព្រះពុទ្ធសាសនា និងដើម្បីទុកបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោក សំ លាងទ្រី បានឱ្យដឹងថា សាលាឆាន់វត្តទ្រីសុទ្ធារ៉ាមនេះ គឺមានការគាំទ្រពីប្រជាពលរដ្ឋ ហើយអគារសាលាឆាន់ដែលកំពុងសាងសង់នេះមានទំហំ១២ម៉ែត្រ គុណ ២៤ម៉ែត្រ ស្មើនឹង ២៨៨ម៉ែត្រក្រឡា ចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ ដោយចំណាយថវិកាប្រហែល ២២០លានរៀល ស្មើនឹង ៥៥.០០០ដុល្លារអាម៉េរិក ក្នុងនោះមានការចូលរួមថវិកាពីសប្បុរសជនបានជាង១០លានរៀលហើយ។ ជាមួយគ្នានេះឯកឧត្តម អ៊ុន ចាន់ដា បានឧបត្ថម្ភការ៉ូថ្មម៉ាបចំនួន១០០ម៉ែត្រក្រឡាសម្រាប់ក្រាល ហើយក្នុងពិធីនោះក៏មានផ្ដល់អំណោយមួយចំនួន ដល់ប្រជាពល រដ្ឋដែលបានចូលរួមផងដែរ៕