ឯកឧត្តម សុខ សូកេន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង រដ្ឋាភិបាលហុងគ្រី និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍អនុបណ្ឌិតរួមសហភាពអឺរ៉ុប


ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង រដ្ឋាភិបាលហុងគ្រី និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍អនុបណ្ឌិតរួមសហភាពអឺរ៉ុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតជ័យលាភីជាច្រើនរូប នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តផ្តល់អាហារូបករណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសាវតា បេសកកម្ម តួនាទី រចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ និងបានចែករំលែកបទពិសោធផ្ទាល់ខ្លួនដ៏មានតម្លៃក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្រ្តី បានសិក្សានៅក្រៅប្រទេស ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងមតិផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ រក្សាឱ្យបាននូវសាមគ្គីភាព វិន័យល្អ សីលធម៌ និងសេចក្ដីថ្លៃថ្នូរ នៅពេលបំពេញការសិក្សា ជាពិសេសត្រូវធ្វើជាទូតសុឆន្ទៈតំណាងឱ្យកម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕