សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យបណ្តា រាជធានី ខេត្តទាំង៧ នៅជាប់ទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ជាពិសេសខេត្តដែលកំពុងរងគ្រោះដោយសារទឹកជំនន់ យកចិត្តទុកដាក់ពិនិត្យមើល ក្នុងការត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា ដោយត្រូវទុកអទិភាពជីវិតប្រជាជន សុវត្ថិភាពប្រជាជនគឺរឿងសំខាន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះថា «ឥលូវនេះទឹកជំនន់ឡើងច្រើន ហើយឆ្នាំនេះទឹកទន្លេមេគង្គឡើងខ្ពស់ ហើយយើងមាន ៧ខេត្ត និងរាជធានីជាប់ទន្លេមេគង្គ, អីចឹងទឹកឡើង ហើយទឹកលិចច្រើន សូមឱ្យពិនិត្យមើលនៅក្នុងការត្រៀមអន្តរាគមន៍ ព្រោះបើទឹកធំហើយឡើងរយៈពេលយូរ ត្រូវត្រៀមអទិភាពជីវិតរបស់ប្រជាជន និងសុវត្ថិភាពប្រជាជនគឺជារឿងសំខាន់»។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវត្រៀមកម្លាំងឱ្យបានរួចជាស្រេច ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ឱ្យបានគ្រប់ទីកន្លែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «យើងមិនមានសមត្ថភាពទប់គ្រោះធម្មជាតិឱ្យបាន ១០០% នោះទេ ហើយក៏គ្មានប្រទេសណាអាចទប់បានដែរ, នៅអឺរ៉ុបភ្លើងឆេះព្រៃជាច្រើន ហើយបាតុភាពខ្លះយើងមិនអាចទប់បានទេ ក្នុងនោះមានប្រទេសខ្លះ មានព្យុះ រញ្ជួយដី ហើយយើងមិនមានអ្វីទៅទប់វាបាននោះទេ ប៉ុន្តែយើងអាចកសាងភាពធន់ និងប្រព័ន្ធការងារមួយអាចជួយសង្គ្រោះបានដែរ ដោយយើងត្រូវត្រៀមឱ្យបានគ្រប់ទាំងសម្ភារៈសង្គ្រោះ និងថ្នាំពេទ្យសម្រាប់សង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា»។
បើតាមក្រសួងធនធានទឹក និងឧតុនិយម គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុបាននិងកំពុងមានការប្រែប្រួលដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី២១ ឈ្មោះ អាតសានី (Atsani) រួមជាមួយព្យុះទី១៩ ឈ្មោះ ណារ៉ា (Narra) ព្យុះទី២០ ឈ្មោះ ហ្គាណារី (Gaenari) និងព្យុះទី១៨ ឈ្មោះ សូដេល (Saudel) ដែលបានវិវត្តខ្លួនក្លាយទៅជាព្យុះសង្ឃរា។
ព្យុះទាំងនេះកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា ធ្វើឱ្យប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បណ្តាលឱ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ដែលស្ថានភាពនេះនឹងធ្វើឱ្យទឹកទន្លេមេគង្គមានការហក់ឡើង ជាក់ស្តែងមកដល់ពេលនេះ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាម កម្ពស់ទឹកទន្លេមេគង្គកំពុងមានការហក់ឡើងខ្ពស់ផងដែរ។
ស្របជាមួយគ្នានឹងទឹកទន្លេមេគង្គបានបន្តហក់ឡើងខ្លាំង នៅភូមិសាស្ត្រខេត្តក្រចេះ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់ ២១,៧៣ម៉ែត្រ ដែលបង្កផលប៉ះពាល់ដល់សហគមន៍ វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះអាជ្ញាធរមូលដ្ឋាននៅភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដោយបានជម្លៀសប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ក្នុងចំណោម ៧៩គ្រួសារ ដែលរងផលប៉ះពាល់ ទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈកម្ពស់ទឹកទន្លេមេគង្គកំពុងបន្តហក់ឡើង និងបង្កការគំរាមកំហែងដល់សហគមន៍នៅតាមដងទន្លេ។ ជាមួយគ្នានោះស្រុកផ្សេងៗក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់នេះ ក៏កំពុងបន្តជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕



















































