ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ​របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅ


រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) បានអញ្ជើញជាអធិបតីក្នុងពិធី​បើក សិក្ខាសាលាពិភាក្សា​ “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)” ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃ ក.ប.ទ. តំណាងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា វិស័យឯកជន និងគ្រឹះស្ថានអប់រំ ប្រមាណ ១៥០រូប។

ថ្លែងក្នុងពិធីបើក​សិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលជាបញ្ចកោណទី៥ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាឱ្យក្លាយទៅជា​ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍថ្នាលនិងកម្មវិធីជាច្រើនសម្រាប់គាំទ្រដល់ដំណើរបរិវត្តកម្ម​រដ្ឋាភិបាលឌីជីថល ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល រហ័ស និងមានជំនឿចិត្តខ្ពស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការជ្រើសរើសបច្ចេកវិទ្យាប្រភពកូដបើកចំហ (Open-Source) និងការអភិវឌ្ឍថ្នាលដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) គឺជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងការពង្រឹងអធិបតេយ្យភាពឌីជីថល ការធានាចីរភាពថវិកា ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក និងការបញ្ជៀសការពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនផ្គត់ផ្គង់តែមួយ (Vendor lock-in)។

ជាមួយគ្នានេះដែរ លោក អេនរីកូ ហ្គាវេលីយ៉ា បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កើតមូលដ្ឋានគ្រឹះគោលនយោបាយប្រកបដោយមហិច្ឆិតា ដើម្បីផ្តល់នូវអន្តរប្រតិបត្តិការ នវានុវត្តន៍ឌីជីថល និងការផ្តល់សេវាដោយផ្តោតលើប្រជាពលរដ្ឋជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍របស់ប្រទេស។ លោក បន្តថា កម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលឌីជីថលទំនើប ដែលប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរកិច្ច។ បន្ថែមលើនេះ បរិយាកាសគោលនយោបាយរបស់កម្ពុជា គឺជាចំណុចខ្លាំងបំផុតមួយ និងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចាប់យកបន្ថែមទៀតនូវប្រព័ន្ធឌីជីថលដែលបើកចំហ និងអន្តរប្រតិបត្តិការ។