ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន


ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន រងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានរាយការណ៍អំពីរបាយការណ៍លទ្ធផលការងារអធិការកិច្ចជូនអង្គប្រជុំ ព្រមទាំងបានផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីរួមចំណែកពង្រឹងយន្តការការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការពង្រឹងនីតិវិធីនៃការចុះអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ឱ្យកាន់តែមានភាពច្បាស់លាស់ និងបានសង្កត់ធ្ងន់លើយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើរបាយការណ៍លទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ឱ្យមានលក្ខណៈពេញលេញនិងជាប្រព័ន្ធ ព្រមទាំងបន្តខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពបុរេសកម្ម ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់ក្រសួងជាធរមាន។