នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូរដ្ឋបាលខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
ឯកឧត្តម ខៀវ រិទ្ធីភ័ណ្ឌ បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍក្នុងខេត្តកំពតលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធខេត្ត ស្ថានភាពប្រជាជន និងគម្រោងរបស់ខេត្តក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េ។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូ ដែលអញ្ជើញបំពេញបេសកកម្មនៅប្រទេសកូរ៉េ។ ឯកឧត្តម ក៏បានជម្រាបជូនប្រតិភូអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរក្នុងប្រទេសកូរ៉េផងដែរ។
ឯកឧត្តម ក៏បានមានប្រសាសន៍ថា ខេត្តកំពតគឺជាខេត្តដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ហើយផលិតផលសក្តានុពលរបស់ខេត្តដូចជា ម្រេចកំពត និងផ្កាអំបិល ក៏ត្រូវបានទទួលស្គាល់ថាជាផលិតផល ដែលមានគុណភាពខ្ពស់ផងដែរ ដូច្នេះស្ថានទូតអាចជួយផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលទាំងនេះរបស់ខេត្តនៅប្រទេសកូរ៉េ ឱ្យបានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៌នានាក្នុងប្រទេសកូរ៉េ។




