ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការស្តីពីសុខមាលភាព និងសុវត្ថិភាពអាងទន្លេសាប រវាងអាជ្ញាធរទន្លេសាប និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


នាថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី សហប្រតិបត្តិការលើការអនុវត្តការងារសុខមាលភាព និងសុវត្ថិភាពអាងទន្លេសាប រវាងអាជ្ញាធរទន្លេសាប និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិនៃវិស័យធនធានទឹក និងឧតុនិយម ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសាលប្រជុំទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីធានាឱ្យផែនការមេអាងទន្លេសាបមានភាពស៊ីសង្វាក់គ្នា ដោយផ្តោតលើសុវត្ថិភាព សុខមាលភាព និងនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិធនធានទឹក និងឧតុនិយមឱ្យកាន់តែរលូន។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា កិច្ចសហប្រតិបត្តិការដឹកនាំដោយអាជ្ញាធរទន្លេសាប មានសារៈសំខាន់យុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងចងក្រងទិន្នន័យធនធានទឹក-ឧតុនិយម ដើម្បីរៀបចំផែនការមេអាងទន្លេឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ អាជ្ញាធរទន្លេសាបនឹងរៀបចំយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយជាក់ស្តែង ដើម្បីធានាសុខមាលភាព សុវត្ថិភាព និងសន្តិសុខអាងទន្លេសាបប្រកបដោយចីរភាព៕