(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់វិនិយោគិន និងពាណិជ្ជករទាំងអស់ លើកយកបញ្ហាប្រឈមនានាដែលជួបប្រទះ មកពិភាក្សា និងស្វែងរកដំណោះស្រាយតាមយន្តការសភាពាណិជ្ជកម្មកម្ពុជា តាមរយៈក្រុមការងារទាំង ១៦ នៃផ្នែកឯកជន ជាជាងលើកយកបញ្ហាទៅជជែកតាមតុកាហ្វេ ឬតាមបណ្តាញសង្គម ដែលមិនមែនជាមធ្យោបាយមានប្រសិទ្ធភាពឡើយ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ាអញ្ជើញជាអធិបតី «ក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦» ក្រោមប្រធានបទ៖ កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នាមណ្ឌលសន្និបាត OCIC។
អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មគឺជាយន្តការដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហា និងសម្របសម្រួលរាល់កិច្ចការនានាដែលពាក់ព័ន្ធនឹងវិស័យធុរកិច្ច។ លោកបានអំពាវនាវដល់លោកឧកញ៉ាទាំងអស់ និងអ្នកផ្នែកឯកជន ឱ្យចូលរួមសកម្មជាមួយសភាពាណិជ្ជកម្ម ដើម្បីពង្រឹងយន្តការការងាររបស់ក្រុមទាំង ១៦ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន តាមរយៈយន្តការផ្លូវការរបស់សភាពាណិជ្ជកម្ម នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបរិយាកាសធុរកិច្ចមួយប្រកបដោយតម្លាភាព ទំនុកចិត្ត និងនិរន្តរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញការវិនិយោគបន្ថែមទៀត៕






















