(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ (29th ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ខណៈដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រធានបទនេះពិតជាមានសារៈសំខាន់ និងចំពេលវេលា ដោយឯកឧត្តមគូសបញ្ជាក់ថា ការទទួលស្គាល់ជំនាញ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ គឺជាកត្តាគ្រឹះដ៏សំខាន់សម្រាប់ជំរុញការចល័តកម្លាំងពលកម្ម។ ក្រៅពីនេះ ការធានាអត្ថប្រយោជន៍សន្តិសុខសង្គមអាចផ្ទេរតាមពលករបាន គឺជាយន្តការដ៏សំខាន់មួយទៀត ដែលគាំទ្រនិងពន្លឿនការចល័តពលករទេសន្តរប្រវេសន៍ក្នុងតំបន់ផងដែរ។ ដូច្នេះ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ”ការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន” ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២២ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគាំទ្រការចល័តកម្លាំងពលកម្ម។
ទោះជាយ៉ាងណា ការអនុវត្តជាក់ស្តែងនៃការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមនៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក ដែលត្រូវការពេលវេលាបន្ថែមទៀតសម្រាប់រដ្ឋសមាជិកអាស៊ាន ដើម្បីពិចារណាលើការផ្លាស់ប្តូរទិន្នន័យ រចនាសម្ព័ន្ធ និងប្រព័ន្ធសន្តិសុខសង្គមនៃប្រទេសនីមួយៗ។ កម្ពុជានឹងស្វែងរកការគាំទ្របន្ថែមពីរដ្ឋសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការរៀបចំសិក្ខាសាលាថ្នាក់តំបន់នាពេលខាងមុខ ក្រោមផែនការសកម្មភាពរបស់គណៈកម្មាធិការអាស៊ានស្តីពីពលករទេសន្តរប្រវេសន៍ (ACMW) ឆ្នាំ២០២៦-២០៣០ ដើម្បីផ្លាស់ប្តូរបទពិសោធល្អៗ និងកំណត់វិធីសាស្ត្រជាក់ស្តែងសម្រាប់ជំរុញការអនុវត្ត។
ឯកឧត្តមមានប្រសាសន៍ថា ការផ្ទេរប្រយោជន៍សន្តិសុខសង្គម ក៏គួរត្រូវបានពិចារណារួមជាមួយការទទួលស្គាល់ជំនាញក្នុងកម្រិតតំបន់ និងសកលផងដែរ។ សេចក្តីប្រកាសទីក្រុងវៀងចន្ទន៍ស្តីពីការទទួលស្គាល់ និងការអភិវឌ្ឍការចល័តជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍ បានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ាន។ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំថា កម្ពុជាបានចាប់ផ្តើមធ្វើការទទួលស្គាល់ជំនាញ សម្រាប់អតីតពលករទេសន្តរប្រវេសន៍។
ឯកឧត្តម ហេង សួរ បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងជាក់ស្តែងនៅកម្រិតតំបន់ រួមទាំងសំណើស្តីពី ”លិខិតឆ្លងដែនជំនាញឌីជីថលអាស៊ាន” (ASEAN Digital Skills Passport) ដែលអាចជួយធ្វើឱ្យសមត្ថភាព និងជំនាញពលករកាន់តែទទួលស្គាល់ គួរឱ្យទុកចិត្ត និងអាចផ្ទេរបានកាន់តែងាយស្រួល។ ឯកឧត្តមសង្កត់ធ្ងន់ថា មហិច្ឆតាអាស៊ានអាចបង្ហាញយ៉ាងសាមញ្ញថា “ជំនាញមួយ ផ្លូវមួយ តំបន់មួយ ឆ្ពោះទៅរកការទទួលស្គាល់ជាសកល” ហើយជំនាញដែលត្រូវបានទទួលស្គាល់មិនគួរបាត់បង់តម្លៃរបស់វានៅពេលពលករឆ្លងកាត់ព្រំដែនឡើយ។ គុណវុឌ្ឍិរបស់ពលករគួរតែអាចផ្ទេរតាមពលករទៅគ្រប់កន្លែងដែលពួកគេធ្វើការ បន្ទាប់មកសិទ្ធិ និងអត្ថប្រយោជន៍សន្តិសុខសង្គម។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការងារអាស៊ានបានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញ និងអនុវត្តឱ្យបានប្រសើរឡើងនូវឯកសារលទ្ធផល និងក្របខ័ណ្ឌគោលនយោបាយអាស៊ាននានា។ ទន្ទឹមនេះ រដ្ឋមន្រ្តីការងារអាស៊ានក៏បានអនុម័តសេចក្តីថ្លែងការណ៍រួម (Joint Communique) បង្ហាញពីការប្តេជ្ញាចិត្តដើម្បីបង្កើនល្បឿននៃការអនុវត្តការងារ និងកិច្ចសហប្រតិបត្តិការក្រោមវិស័យការងាររបស់អាស៊ាន ក្នុងរយៈពេល ២ឆ្នាំខាងមុខ ព្រមទាំងបន្តពង្រឹងការសហការរួម ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃពិភពការងារ និងលើកកម្ពស់សុខុមាលភាពរបស់កម្លាំងពលកម្មនៅក្នុងតំបន់៕











