ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សំដៅត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ជំនួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច ព្រមទាំងប្រធាន និងតំណាងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ទាំង២៥ តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួង។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានរាយការណ៍យ៉ាងលម្អិតជូនអង្គប្រជុំ អំពីវឌ្ឍនភាព សមិទ្ធផលការងារសំខាន់ៗ បញ្ហាប្រឈម វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ និងទិសដៅការងារនានានៃវិស័យអធិការកិច្ច។ ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំ និងការផ្តល់ធាតុចូលសំខាន់ៗរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តការងារ ស្របតាមយុទ្ធសាស្រ្ត ព៤ជ៤ របស់ក្រសួង ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំឱ្យបន្តខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពបុរេសកម្ម និងបន្តខិតខំរៀបចំឯកសារនានាដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកិច្ចការគាំទ្រពាក់ព័ន្ធទាំងអស់ឱ្យបានរលូន ត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ជំនួបដ៏មានសារៈសំខាន់នាពេលខាងមុខនេះ។










