នាថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងដាក់ចេញនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកស្ទោង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង គណៈកម្មាធិការគណបក្ស និងសាខាគណបក្សជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងការអភិវឌ្ឍមូលដ្ឋាន និងការងារសតិអារម្មណ៍របស់ប្រជាពលរដ្ឋ ដោយបានខិតខំពង្រឹង និងពង្រីកការជឿជាក់ ព្រមទាំងការគាំទ្រ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាបង្គោល និងជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការរួមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ព្រមទាំងធ្វើការវាយតម្លៃសភាពការណ៍នៅតាមឃុំ-សង្កាត់នីមួយៗ ដោយពិនិត្យមើលលើទិដ្ឋភាពរួម ចំណុចខ្លាំង ចំណុចខ្សោយ និងហានិភ័យធំៗ ដើម្បីកំណត់ឫសគល់នៃបញ្ហាជាក់ស្ដែង រួចដាក់ចេញនូវវិធានការចាំបាច់ និងមុតស្រួចក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ និងមន្ត្រីគណបក្សគ្រប់រូប ត្រូវផ្តុំកម្លាំងគ្នាជាធ្លុងមួយ ក្នុងគោលដៅតែមួយ និងលើមាគ៌ាតែមួយ ស្រុះដៃគ្នា និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្ស ជាពិសេសដណ្តើមយកប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕


