នៅព្រឹកថ្ងៃ១០កើត ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃអង្គារ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្ដម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់អតីតសមាជិក សមាជិកា និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដោយអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តប៉ៃលិន សរុបប្រមាណ ៣៥០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន សូមស្វាគមន៍ចំពោះសមាជិក សមាជិកា និងសកម្មជននៃគណបក្សសង្គ្រោះជាតិទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ដោយឯកឧត្តម បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា ការចូលរួមជីវភាពនយោបាយរបស់បងប្អូននាពេលនេះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន ហើយក៏ជាបំណងប្រាថ្នារបស់យើងទាំងអស់គ្នា ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងលទ្ធិប្រជាធិតេយ្យ ក្នុងសង្គមជាតិរបស់យើងផងដែរ។